គណៈកម្មការសុខាភិបាលជាតិ(NHC) របស់ចិនបានប្រកាសថាមានករណីឆ្លងកូវីដ១៩ ថ្មីដល់ទៅ ៤៩ នាក់នៅថ្ងៃទី១៥ ខែមិថុនា ក្នុងនោះមាន ៣៦ករណីក្នុងទីក្រុងប៉េកាំង បង្កក្តីបារម្ភយ៉ាងខ្លាំងពីការឆ្លងរាលដាលកូវីដ១៩ជាលើកទីពីរ ។
ជាមួយគ្នានេះក្រសួងសុខាភិបាលចិន បានអំពាវនាវឲ្យពលរដ្ឋប្រុងប្រយ័ត្នខ្ពស់ ទប់ស្កាត់ការឆ្លងរាលដាលជាលើកទីពីរ។
ជាមួយគ្នានេះដែរ ជើងហោះហើររវាងក្វាងចូវ និង Dhaka ប្រទេសបង់ក្លាដែស ត្រូវបានផ្អាករយៈពេល៤សប្តាហ៍ក្រោយពីមានករណីឆ្លងកូវីដ-១៩ រហូតដល់ទៅ១៧នាក់ ក្នុងជើងហោះហើរកាលពីថ្ងៃទី១១ ខែមិថុនា។
ព័ត៌មានខាងលើទទួលបានពី នាយកដ្ឋានគ្រប់គ្រងអាកាសចរណ៍ចិន (CAAC) ដែលបានប្រកាសនៅថ្ងៃទី១៤ ខែមិថុនា ។នៅពេលនេះជើងហោះហើរ CZ392 របស់ក្រុមហ៊ុនអាកាសចរណ៍ China Southern Airlines ដែលហោះហើរទៅកាន់ប្រទេសបង់ក្លាដែសត្រូវផ្អាករយៈពេល៤សប្តាហ៍។
កន្លងមក (CAAC) បានអនុញ្ញាតឲ្យតភ្ជាប់ជើងហោះហើរអន្តរជាតិឡើងវិញ ប៉ុន្តែរាល់ការហោះហើរ បើនៅលើយន្តហោះនោះរកឃើញមានអ្នកឆ្លងកូវីដចាប់ពី៥នាក់ឡើង នឹងត្រូវផ្អាកការហោះហើរ ហើយប្រសិនបើមានអ្នកឆ្លងលើសពី១០នាក់ឡើងនឹងត្រូវផ្អាករយៈពេល១ខែ។
ផ្ទុយទៅវិញប្រសិនបើជើងហោះហើរណា មិនមានអ្នកឆ្លង ក្នុងរយៈពេល៣សប្តាហ៍ និឹងទទួលបានការអនុញ្ញាតឲ្យបង្កើនការហោះហើរច្រើនជាងមុន។ នៅថ្ងៃទី១៤ ខែមិថុនា គណៈកម្មការសុខាភិបាលចិន បានប្រកាសថា បានរកឃើញករណីឆ្លងកូវីដ-១៩ថ្មីដល់ទៅ៥៧នាក់ នៅថ្ងៃទី១៣ ខែមិថុនា៕ ប្រែសម្រួលដោយ៖ MEO