ការផ្ទុះជំងឺកូវីដ ១៩ បានបង្កផលប៉ះពាល់យ៉ាងខ្លាំងលើទីផ្សារការងារគ្រប់ប្រទេសជុំវិញពិភពលោក ។ វិស័យដែលធ្លាប់តែលូតលាស់យ៉ាងខ្លាំងបែរជាចាប់ផ្តើមបញ្ឈប់បុគ្គលិក ឬកាត់ប្រាក់ខែបុគ្គលិកជាដើម ។ សម្រាប់អ្នកដែលនៅមានការងារធ្វើ ពួកគេក៏ជួបនូវបរិស្ថានការងារថ្មី ព្រមទាំងត្រូវបង្ខំចិត្តពន្យាពេលសម្រេចគោលដៅផ្សេងៗដែលបានកំណត់ពីមុនមកដែរ ។
យ៉ាងណាក្តី សម្រាប់អ្នកដែលមានគំនិតចង់ផ្លាស់ប្តូរអាជីពទាំងស្រុងតែមិនទាន់មានភាពក្លាហានក្នុងការឈានជំហានដំបូងនោះ អ្នកអាចអនុវត្តតាមវិធីសាស្ត្រខាងក្រោមបាន ៖
១. តើខ្ញុំត្រូវចាប់ផ្តើមពីណាមក?
អ្នកជំនាញមកពី Careershifters បានផ្តល់យោបល់មកថាអ្នកគួរតែរក្សាស្មារតីឲ្យបានមោះមុត ហើយវាអាចចាប់ផ្តើមពីការធ្វើអ្វីតូចៗបន្តិចម្តងៗ ។ អ្នកអាចចំណាយពេល ១០នាទីជារៀងរាល់ថ្ងៃ ឬពេលបាយថ្ងៃត្រង់ដើម្បីផ្ញើអ៊ីមែលទៅកាន់មនុស្សដែលធ្វើការក្នុងវិស័យដែលអ្នកចាប់អារម្មណ៍ ឬអ្នកអាចរកឱកាសផ្សេងៗលើអ៊ីនធើណែតបាន ។
២. តើខ្ញុំអាចធ្វើវាបានទេ?
ការផ្លាស់ប្តូរអាជីពមានន័យថាប្រាក់ចំណូលរបស់អ្នកក៏អាចត្រូវបានប៉ះពាល់ដែរ ។ អ្នកត្រូវតែត្រៀមខ្លួនក្នុងការចាប់ផ្តើមពីចំណុចដំបូង ។ ដោយហេតុដូចនេះអ្នកអាចធ្វើការស្រាវជ្រាវពីប្រាក់ខែដែលអ្នកអាចនឹងទទួលបានពីអាជីពថ្មីរបស់អ្នក និងរៀបចំផែនការហិរញ្ញវត្ថុតាមនោះ ។
៣. តើធ្វើយ៉ាងដូចម្តេចទើបខ្ញុំអាចដឹងពីអាជីពដែលស័ក្តិសមនឹងខ្ញុំ?
អ្នកមិនចាំបាច់គិតច្រើនពីការងារដែលស័ក្តិសមនឹងអ្នកបំផុតទេ ។ ផ្ទុយមកវិញ អ្នកគួរតែទាក់ទងទៅមនុស្សដែលធ្វើការក្នុងវិស័យដែលអ្នកចាប់អារម្មណ៍ដើម្បីដឹងថា ការងាររបស់ពួកគេមានលក្ខណៈយ៉ាងដូចម្តេចមុននឹងសម្រេចចិត្តឈានជើងចូលក្នុងវិស័យនោះ ។
៤. តើខ្ញុំត្រូវរៀនសាដើមវិញទេ?
ពេលដែលអ្នករកបានការងារដែលអ្នកស្រលាញ់ហើយ អ្នកអាចព្យាយាមស្រាវជ្រាវពីជំនាញដែលអ្នកត្រូវការដើម្បីបំពេញតួនាទីទាំងនោះ ។ អ្នកអាចរៀនលើអ៊ីនធើណែតបាន តែក្រុមហ៊ុនជាច្រើនក៏អាចបង់ថវិកាឲ្យអ្នករៀនវគ្គខ្លីៗដើម្បីពង្រឹងជំនាញដែលចាំបាច់ដែរប្រសិនបើពួកគេគិតថាអ្នកមានសក្តានុពលសម្រាប់ក្រុមហ៊ុនពួកគេ ៕ ផ្តល់សិទ្ធដោយកោះសន្តិភាព