Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ឈប់សម្រាក៥ថ្ងៃ ភ្ញៀវទេសចរដើរកម្សាន្តទូទាំងប្រទេសសរុបជាង ១.៤លាននាក់

រាជធានី​ភ្នំពេញ ៖ នា​ឱកាស​ឈប់​សម្រាក​៥​ថ្ងៃ ភ្ញៀវ​ទេសចរ​ដែល​បាន​ដើរ​លេង​កម្សាន្ត​ទូ​ទាំង​ប្រទេស​មាន​សរុប​ជាង ១.៤​លាន​នាក់ នេះ​បើ​យោង​តាម​របាយការណ៍​បឋម​របស់​មន្ទីរ​ទេសចរណ៍​រាជធានី​ខេត្ត ភ្ញៀវ​ទេសចរ​ដែល​បាន​ធ្វើ​ដំណើរ​កម្សាន្ត​នៅ​តាម​គោលដៅ​ទេសចរណ៍​នានា​ទូ​ទាំង​ប្រទេស​ចាប់ពី ថ្ងៃ​ទី ១៧-២១ ខែសីហា​នេះ មាន​ចំនួន​ប្រមាណ ១.៤៥៩.៣៨៦​នាក់​។

ក្រសួងទេសចរណ៍​បាន​បញ្ជាក់​ថា ក្នុង​នោះ ៖ ភ្ញៀវ​ជាតិ​មាន​ចំនួន​ប្រមាណ ១.៤៤៥.២៣៨ នាក់ ភ្ញៀវ​អន្តរជាតិ​មាន​ចំនួន​ប្រមាណ ១៤.១៤៨ នាក់ ។

ចំនួន​ភ្ញៀវ​ទេសចរ​តាម​ថ្ងៃ​នីមួយ​ៗ មាន​ដូច​ខាងក្រោម​៖ ថ្ងៃ​ទី​១ ប្រមាណ ២៣៣.៣២៩ នាក់ , ថ្ងៃ​ទី​២ ប្រមាណ ២៨១.៨៥៥ នាក់​, ថ្ងៃ​ទី​៣ ប្រមាណ ៣២៥.០៧៧ នាក់ , ថ្ងៃ​ទី​៤ ប្រមាណ ៣៣៤.៣៩១ នាក់ ,​ថ្ងៃ​ទី​៥ ប្រមាណ ២៨៤.៧៣៤ នាក់ ។

តាម​ការ​កត់សម្គាល់​បន្ថែម និង​ការ​វាយតម្លៃ​បឋម យើង​សង្កេត​ឃើញ​ថា រាជធានី​ខេត្ត​ទាំងអស់​បាន​ខិតខំ​រៀបចំ​គោលដៅ​ទេសចរណ៍ និង​បង្ហាញ​ផលិតផល​ទេសចរណ៍​ថ្មី​ៗ ដូច​នៅ​ខេត្តសៀមរាប រដ្ឋបាល​ខេត្ត​បាន​ខិតខំ​រៀបចំ​បង្កើត​អោយ​មាន​ព្រឹត្តិការណ៍ «​សម្រាក​សៀមរាប​» ទាំង​ព្រឹត្តិការណ៍​កីឡា ទេស​ចរណ៍ វប្បធម៌ ប្រពៃណី ។ ដែល​បាន​ទាក់ទាញ​ទេសចរ​រាប់​ម៉ឺន​នាក់​ទៅ​កម្សាន្ត​នៅ​ខេត្តសៀមរាប ។

ក្នុង​ដំណើរការ​រៀបចំ​នេះ រដ្ឋបាល​ខេត្ត​បាន​សហការ​ជាមួយ​គ្រប់​ផ្នែក​ពាក់​ពាន់ និង​វិស័យ​ឯកជន ខិតខំ​អនុវត្ត​តាម​ការ​ណែនាំ​របស់​រាជរដ្ឋាភិបាល ក៏​ដូច​ជា ការ​ណែនាំ​របស់​ក្រសួងសុខាភិបាល និង​វិធាន​សុវត្ថិ​ភាព​ទេសចរណ៍​ក្នុង​ការ​ទប់ស្កាត់​ជំងឺ​កូ​វី​ដ​១៩ ពិសេស​នៅ​កន្លែង​ប្រារព្ធ​ពិធី ។

ភ្ញៀវ​ទេសចរ​ភាគច្រើន​បាន​ដើរ​កម្សាន្ត​ជា​ក្រុម​គ្រួសារ និង​ជា​ច្រើន​គោលដៅ​ដោយ​ភ្ជាប់​គ្នា​ពី​ខេត្ត​មួយ​ទៅ​ខេត្ត​មួយ ហើយ​ខ្លះ​បាន​រៀបចំ​ម្ហូបអាហារ​ដោយ​ខ្លួនឯង​សម្រាប់​ហូប​ចុក​ក្នុង​ដំណើរ​កម្សាន្ត ។

តាម​ការ​អង្កេត​ជាក់ស្តែង មិន​មាន​បញ្ហា​ធំដុំ​ណាមួយ​កើតឡើង​ទេ មិន​មានការ​តំឡើង​ថ្លៃ​ហួសហេតុ​លើ​សេវា​ស្នាក់​នៅ និង​ម្ហូបអាហារ​ទេ ទោះបី​នៅ​តាម​គោលដៅ​ទេសចរណ៍​មួយ​ចំនួន មានការ​ខ្វះខាត​បន្ទប់​ស្នាក់​នៅ ដោយសារ​លំហូរ​ភ្ញៀវ​មាន​ច្រើន​ក្នុង​ពេល​តែ​មួយ​ក៏​ដោយ ។ ភ្ញៀវ​ទេសចរ​មួយ​ចំនួន​បាន​ជ្រើស​រើស​ការ​បោះ​តង់ និង​ការ​ស្នាក់​នៅផ្ទះ​របស់​បងប្អូន ឬ​ជួល​ផ្ទះ​របស់​បងប្អូន​ប្រជាជន​ក្នុង​ខេត្ត​ផ្ទាល់ ។

ប៉ុន្តែ​បញ្ហា​សំរាម ទោះបី​រដ្ឋបាល​ខេត្ត និង​ជំនាញ​ពាក់ព័ន្ធ​មានការ​ខិតខំ​ច្រើន តែ​នៅ​តែ​ជា​បញ្ហា​ស្មុ​គ្រ​ស្មាញ​នៅឡើយ ដោយនៅ​តាម​គោលដៅ​មួយ​ចំនួន ភ្ញៀវ​ទេសចរ​មានការ​ទុកដាក់​សំរាម​មិន​បាន​ត្រឹមត្រូវ ជា​ពិសេស​បោះចោល​សំរាម ឬ​ទុក​ចោល​នៅ​កន្លែង​ដែល​ពួក​គាត់​បាន​ទទួលទាន​អាហារ​។

គ្រប់​គោលដៅ​ទេសចរណ៍​បាន​ខិតខំ​អនុវត្ត​តាម​គោល​ណែនាំ​របស់​ក្រសួងសុខាភិបាល និង​វិធាន​សុវត្ថិភាព​ទេសចរណ៍​របស់​ក្រសួងទេសចរណ៍​ដើម្បី​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​១៩ ក្រោម​ការ​ណែនាំ និង​ចុះ​ពិនិត្យ​ផ្ទាល់​ដល់​មូលដ្ឋាន​របស់​គណៈ​អភិបាល​រាជធានី​ខេត្ត ដែល​មាន​មន្ទីរ​ទេសចរណ៍​ជា​សេនាធិការ ជា​ពិសេស​ការ​ស្កេ​ន​កំ​ដៅ លាងដៃ និង​ការ​កត់ត្រា​ព័ត៌មាន​ភ្ញៀវ ។

យ៉ាងណា​ក៏​ដោយ ការ​ពាក់​ម៉ាស់​របស់​ភ្ញៀវ​នៅ​មិន​ទាន់​មាន​ភាព​ពេញលេញ ហើយ​ការ​រក្សា​គំលាត​សុវត្ថិភាព​នៅ​ពុំ​ទាន់​អនុវត្ត​បាន​ល្អ​ប្រសើរ ជា​ពិសេស​នៅ​តាម​គោលដៅ​ទេសចរណ៍​ដែល​មាន​លក្ខណៈ​ប្រមូលផ្តុំ​ច្រើន ។

ជា​រួម ប្រជាជន​នៅ​តាម​មូលដ្ឋាន និង​វិស័យ​ឯកជន​មាន​ភាព​រីករាយ​ជាមួយ​លំហូរ​ភ្ញៀវ​ទេសចរ​នៅ​គ្រប់​គោលដៅ​ទេសចរណ៍ ខណៈ​ដែល​ការ​ចំណាយ​របស់​ភ្ញៀវ​បាន​ហូរ​ចូល​ដោយ​ផ្ទាល់​ទៅ​ក្នុង​ចរន្ត​សេដ្ឋកិច្ច​មូលដ្ឋាន ។ ផ្តល់សិទ្ធដោយកោះសន្តិភាព

from: https://tnaot.com/km/m/detail/article/9615135