ស្រ្តីវ័យចំណាស់ម្នាក់ ត្រូវបានរងរបួសជាំសាច់ បន្ទាប់ពីកូនប្រុសបង្កើត របស់គាត់យកឆ្នាំងបាយគប់ និងយកកាំបិតខ្វាវ ប៉ុនប៉ងសម្លាប់ ដោយសារសុំលុយទិញថ្នាំញៀនមិនបាន។
ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង២០យប់ ថ្ងៃទី២១ សីហា ស្ថិតក្នុងភូមិដើមជ្រៃ សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ។
ជនបង្កនៅក្នុងហេតុការណ៍នេះ មានឈ្មោះ បេសង្ហ បណ្ឌិត ហៅកុយ អាយុ៤០ឆ្នាំ រស់នៅតំបន់កើតហេតុខាងលើ។ ដោយស្រ្តីរងគ្រោះជាម្តាយបង្កើតឈ្មោះលឹម សុខអេង អាយុ៦៦ឆ្នាំ ទាំង២នាក់រស់នៅក្នុងភូមិសង្កាត់កើតហេតុខាងលើ។
មុនពេលកើតហេតុ ជនបង្ក បានសុំលុយពីម្តាយមិនបាន ក៏យកឆ្នាំងបាយគប់ទៅលើម្តាយ បណ្តាលឱ្យត្រូវដៃខាងស្តាំស្នាមជាំខ្មៅ។ មិនអស់ចិត្តជនបង្ក បានទាញយកកាំបិតខ្វែវគំរាមម្តាយបង្កើតប៉ុនប៉ងសម្លាប់ និងកាប់មុងដាច់ខ្ទេចខ្ទីរ។
អ្នកជិតខាងបានរាយការណ៍ទៅសមត្ថកិច្ច និងបានសម្រេចឃាត់ខ្លួនជនបង្កភ្លាមៗ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ ចាត់វិធានការតាមច្បាប់៕ ដោយ៖ត្នោត