អាជ្ញាធរក្រុងហូជីមិញ បានចាក់សោរមនុស្ស ១៧គ្រួសារ នៅជុំវិញផ្ទះ ដើម្បីដាក់ឱ្យនៅដាច់ពីគេ និងធ្វើតេស្តលើមនុស្សចំនួន ៥២នាក់ទៀត ដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយនឹងអ្នកជំងឺ ដែលបានព្យាបាលជាសះស្បើយ ហើយលាប់ឡើងវិញនោះ។
អ្នកជម្ងឺវ័យ ២៧ឆ្នាំម្នាក់ បានធ្វើតេស្តវិជ្ជមានចំពោះជម្ងឺកូវីដ៤ថ្ងៃ បន្ទាប់ពីបានចេញពីមន្ទីរពេទ្យក្រោយពីបានជាពីជំងឺនេះ។
លទ្ធផលតេស្តរបស់គាត់ក៏អវិជ្ជមានដែរ នៅថ្ងៃទី១៦ និង ១៧ ខែសីហា ប៉ុន្តែមកដល់ថ្ងៃទី១៨ ខែសីហា គាត់បានធ្វើតេស្តម្តងទៀតគឺលទ្ធផលបង្ហាញថាវិជ្ជមាន។
បុរសនោះបានឆ្លងកូវីដនៅហ្គីណេអេក្វាទ័រ (Equatorial Guinea) ហើយត្រូវបានបញ្ជូនទៅមន្ទីរពេទ្យកណ្តាល នៃជំងឺត្រូពិក កាលពីថ្ងៃទី២៩ ខែកក្កដានេះ ។
បន្ទាប់ពីបានធ្វើតេស្តអវិជ្ជមានចំនួន ៣លើករួចមក គាត់បានចេញពីមន្ទីរពេទ្យនៅថ្ងៃទី១៤ ខែសីហា ហើយបានទៅធ្វើការនៅដាច់ឆ្ងាយពីផ្ទះ នៅផ្លូវថូយង៉ុកហុក ឃុំហាធៀង ស្រុកថនភូ៕ ដោយ៖ត្នោត