ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអនុញ្ញាតឱ្យលោក ម៉ូតេហ្គី តូស៊ីមីត្សឹ នាយករដ្ឋមន្ត្រីការបរទេសជប៉ុន អញ្ជើញចូលជួបដើម្បីពិភាក្សាការងារមួយចំនួននៅវិមានសន្តិភាព។
ជំនួបនេះត្រូវបានធ្វើឡើង នៅខណៈដែលលោក ម៉ូតេហ្គី តូស៊ីមីត្សឹ បានអញ្ជើញមកដល់ប្រទេសកម្ពុជា នៅល្ងាចថ្ងៃទី២១ ខែសីហា ឆ្នាំ២០២០នេះ ដើម្បីបំពេញទស្សនកិច្ចផ្លូវការជាលើកដំបូងនៅកម្ពុជា ក្នុងតំណែងជារដ្ឋមន្ត្រីការបរទេស រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែសីហា។
ក្រោយជំនួបជាមួយសម្តេចតេជោនាយករដ្ឋមន្ត្រី នៅពេលរសៀលថ្ងៃដដែលនេះ លោក ម៉ូតេហ្គី តូស៊ីមីត្សឹ នឹងជួបពិភាក្សាការងារទ្វេភាគីជាមួយ រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជាផងដែរ ។
សូមបញ្ជាក់ថា ក្នុងដំណើរទស្សនកិច្ចរបស់លោករដ្ឋមន្ត្រីការបរទេសជប៉ុន នៅកម្ពុជាពេលនេះ គឺជួយពង្រឹង និងពង្រីកថែមទៀតនូវចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការដែលមានស្រាប់រវាងកម្ពុជា និងជប៉ុននៅលើគ្រប់វិស័យទាំងនៅក្នុងក្របខ័ណ្ឌទេ្វភាគី និងពហុភាគី ។
ដំណើរទស្សនកិច្ចនេះក៏ជា ការបង្ហាញនូវសាមគ្គីភាពមិត្តភាពក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតសកលកូវីដ-១៩ផងដែរ៕ ដោយ៖ត្នោត