សមត្ថកិច្ចកំពុងបើកការសាកសួរទៅលើស្រ្តីលក់ទឹកឃ្មុំក្លែងក្លាយ២នាក់ ជុំវិញករណីឆរបោក កាលពីវេលាម៉ោង១៣និង០៣នាទី ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២០ នៅចំណុចភូមិទួលជ្រាវ ឃុំតាលោ ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់ ។
ប្រភពពីមន្ត្រីសមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញស្ត្រីសង្ស័យ២នាក់ ជិះម៉ូតូម៉ាកហុងដា C125 មួយគ្រឿង គ្មានស្លាកលេខ បានដឹកទឹកឃ្មុំ ដើរលក់ឲ្យប្រជាពលរដ្ឋទូទៅ។ លុះមកដល់ផ្ទះជនរងគ្រោះឈ្មោះ ផៃ យូវ អាយុ៦០ឆ្នាំ ភេទស្រី រស់នៅតំបន់កើតហេតុខាងលើ ស្ត្រីសង្ស័យទាំងពីរក៏បានឈប់ម៉ូតូចូលលក់ទឹកឃ្មុំ ចំនួន២០០លីត្រ ឲ្យពួកគាត់ ដើម្បីទិញទុកសម្រាប់លក់បន្ត ប៉ុន្តែមិនបានប៉ុន្មានថ្ងៃផង ទឹកឃ្មុំនោះក៏ក្លាយជាក្រាមស្ករត្នោត ទើបពួកគាត់ដឹងថា ចាញ់បោកគេ ហើយពួកគាត់ប្រញ៉ាប់ប្រញាល់ផ្តល់ព័ត៌មានជូនលោកមេភូមិតែម្តង។
ស្ត្រីជាជនសង្ស័យចំនួន២នាក់ ដែលសមត្ថកិច្ចឃាត់ខ្លួនមានទី១.ឈ្មោះ ពៅ ស្រីវុធ អាយុ៣៨ឆ្នាំ និងទី២.ឈ្មោះ ពៅ សំណាង អាយុ៣២ឆ្នាំ ក្នុងនោះស្ត្រីម្នាក់មានកូនតូចម្នាក់ផងដែរ។
ជុំវិញរឿងនេះ ជនសង្ស័យទាំង២នាក់ ត្រូវបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុក ដើម្បីធ្វើការសាកសួរ៕ ដោយ៖ត្នោត