Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ប្រាសាទបាយ័ន

ប្រាសាទបាយ័ន (អតីតរាជធានីជ័យគិរី) មានទីតាំងស្ថិតនៅ​ចំកណ្ដាល​ទីក្រុងអង្គរធំ​ដែល​មាន​ចម្ងាយ​ទៅកាន់ខ្លោងទ្វារ​នីមួយៗ​គឺ ១.៥ គ.ម ត្រូវ​បាន​គេ​ចាត់​ទុក​ជា​ប្រាសាទ​រាជ្យ សម្រាប់ឧទ្ទិស​ដល់​ព្រះបាទជ័យវរ្ម័នទី ៧ (១១៨១-១២១៨) និង​សម្រាប់​ឧទ្ទិសដល់​ព្រះពុទ្ធសាសនាមហាយាន។

ប្រាសាទនេះ​មាន​បរិវេណទំហំ ៣២,១៤៨ ម៉ែត្រការេ សង់លើខឿនបីជាន់​ដែល​មានកម្ពស់​ខុសៗគ្នា ហើយ​ពីខឿនខាងក្រោម​បង្អស់​ឆ្ពោះទៅចុង​កំពូល​កណ្ដាល​មាន​កម្ពស់​ប្រមាណ ៤២ ម៉ែត្រ។

មានការយល់ឃើញខុសៗគ្នា​ពី​អត្ថន័យ​នៃមុខ​ទាំង ៤ របស់កំពូលនីមួយៗដូចខាងក្រោម៖

១. មតិដែល​យល់ថាជាព្រះភក្ត្ររបស់ព្រះពោធិសត្វ៖ ព្រះបាទជ័យវរ្ម័នទី ៧ មានជំនឿយ៉ាងមុតមាំ​ទៅលើព្រះពុទ្ធសាសនាមហាយាន ហើយ​បានគោរព​បូជាចំពោះព្រះពោធិសត្វ ” អវលោកេស្វរៈ “។ បើកក្រលេក​មើលទៅកំពូលប្រាសាទ គេឃើញព្រះភក្ត្រ​នីមួយៗ​របស់ព្រះពោធិសត្វ​ ហាក់កំពុង​ចោលព្រះនេត្រ​ទតមើល​ពីទេវលោក ឆ្ពោះមកស្ថានមនុស្សលោក ដើម្បី​រង់ចាំជួយដោះទុក្ខ​សត្វលោក​ទាំងឡាយ​ដែល​បានបន់ស្រន់​ឲ្យព្រះអង្គជួយ។

២. មតិដែល​យល់ថាជាព្រះភក្ត្រ​របស់ព្រះបាទជ័យវរ្ម័នទី ៧ ហើយ​ក៏ជា​តំណាងឲ្យព្រហ្មវិហារធម៌ទាំង ៤ គឺ មេត្តា ករុណា មុទិតា និង ឧបេក្ខា ដែល​ព្រះអង្គរមែងប្រកាន់ខ្ជាប់​ជានិច្ចចំពោះ​សុខទុក្ខរបស់ប្រជារាស្ត្រ ដូចមាន​សិលាចារឹក​មួយបានចារថា ” សេចក្ដីទុក្ខវេទនារបស់ប្រជារាស្ត្រ បានធ្វើឲ្យព្រះរាជា​ឈឺចាប់ទ្វេដងជាងនោះទៅទៀត “។ (មគ្គុទ្ទេសក៍អាណាចក្រអង្គរ ភាគ២)

គួរបញ្ជាក់ថា ប្រាសាទបាយ័នជាប្រាសាទដែល​បងប្អូនខ្មែរយើង ក៏ដូចជាទេសចរបរទេស កម្រនឹងរំលងណាស់ព្រោះប្រាសាទនេះ​ស្ថិតនៅជិតប្រាសាទអង្គរវត្តស្រាប់ ហើយទំហំធំមហិមា ព្រមទាំងមានចម្លាក់អំពីជីវភាពប្រជារាស្ត្រខ្មែរសម័យមហានគរ និង​ជាកន្លែងដែល​ពេញនិយមសម្រាប់ទេសចរថតរូប ” ច្រមុះទល់ច្រមុះ ” ថែមទៀតផង។

បច្ចុប្បន្ន ប្រាសាទនេះកំពុងស្ថិតនៅ​ក្រោម​ការជួសជុល​នៅផ្នែកជ្រុងឦសាននៃប្រាសាទ និង​ជាន់ខាងលើ​នៃប្រាសាទក៏កំពុងបិទជាបណ្ដោះអាសន្នដើម្បីទទួល​ការជួសជុលផងដែរ។

ចុះអ្នកទាំងអស់គ្នាធ្លាប់បាន​មកលេងប្រាសាទបាយ័នហើយឬនៅ? មកលេងប្រាសាទ ដឹងប្រវត្តិខ្លះៗផងណា៎ ទើបធ្វើឲ្យដំណើរកម្សាន្តមកកាន់ដែនដី​បេតិកភណ្ឌមួយនេះកាន់តែមានតម្លៃ និង​ធ្វើឲ្យយើងមានអារម្មណ៍រំភើប និងមានមោទកភាពចំពោះស្នាដៃដែល​ដូនតាយើងបានបន្សល់ទុកឲ្យ កុំឲ្យគេថាមកលេងសៀមរាបមកមើលតែថ្ម!

from: https://tnaot.com/km/m/detail/article/9612366