ក្រសួងបង្រួបបង្រួមរបស់កូរ៉េខាងត្បូង នៅថ្ងៃអាទិត្យ (១៤ មិថុនា) បានប្រកាសថា កូរ៉េខាងជើងគួរតែគោរពកិច្ចព្រមព្រៀង ដែលបានចុះហត្ថលេខាកន្លងមក រវាងប្រទេសទាំងពីរ ។ ការថ្លែងបែបនេះ កើតឡើងមួយថ្ងៃបន្ទាប់ពីក្រុងព្យុងយ៉ាងបានព្រមានអំពីវិធានការសងសឹកប្រឆាំងទៅលើកូរ៉េខាងត្បូង ដែលក្នុងនោះ អាចពាក់ព័ន្ធនឹងកងកម្លាំងយោធាផងដែរ ។
ក្រសួងបង្រួបបង្រួមរបស់កូរ៉េខាងត្បូងបានប្រកាសនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “កូរ៉េខាងត្បូង និងខាងជើង គួរតែព្យាយាមគោរពរាល់កិច្ចព្រមព្រៀងអន្តរកូរ៉េ ដែលសម្រេចបាន” ។ រដ្ឋាភិបាលកូរ៉េខាងត្បូងកំពុងយកចិត្តទុកដាក់ចំពោះស្ថានភាពបច្ចុប្បន្ននេះ ។
កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២០ មានការផ្សព្វផ្សាយថា មន្ត្រីការទូតជាន់ខ្ពស់សាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ (កូរ៉េខាងជើង) បានជំរុញឱ្យកូរ៉េខាងត្បូងបញ្ឈប់ការហាថ្លែងដោយមិនសមហេតុផល ជុំវិញអំពីការរំសាយអាវុធនុយក្លេអ៊ែរ ។
លោក Kwon Jong-gun អគ្គនាយកនៃនាយកដ្ឋានកិច្ចការអាមេរិក របស់ក្រសួងការបរទេសកូរ៉េខាងជើង បានថ្លែងការណ៍មួយ ផ្សាយនៅលើបណ្តាញព័ត៌មានផ្លូវការកូរ៉េខាងជើងថា វាពិតជាធុញថប់នៅក្នុងការស្តាប់ឮសម្តីមិនសមហេតុផលរបស់អាជ្ញាធរកូរ៉េខាងត្បូង ។ ពួកគេមិនមានសមត្ថភាពនៅក្នុងការពិភាក្សា ឬជ្រៀតជ្រែកចូលក្នុងបញ្ហារវាងកូរ៉េខាងជើង និងអាមេរិក ឬនិយាយអំពីបញ្ហានុយក្លេអ៊ែរនោះឡើយ ។ ការអត្ថាធិប្បាយរបស់ពួកគេស្តីអំពីការបន្តពិភាក្សារវាងអាមេរិក និងកូរ៉េខាងជើង ក៏ដូចជាបញ្ហារំសាយអាវុធនុយក្លេអ៊ែរនោះ ធ្វើឡើងតាមតែពួកគេនឹកឃើញផ្ទាល់ខ្លួន ។
លោក Kwon បានមានប្រសាសន៍ថា វាមិនមែនដោយសារតែគ្មានអ្នកសម្របសម្រួល ទើបនាំឲ្យកិច្ចពិភាក្សាកូរ៉េខាងជើង-អាមេរិកបន្តផ្ទុះឡើងនូវភាពជាប់គាំងនោះទេ ប៉ុន្តែវាដោយសារតែលក្ខខណ្ឌគឺមិនទាន់ត្រូវបានឆ្លើយតបចំពោះការរំសាយអាវុធនុយក្លេអ៊ែរនេះ ។
គួរបញ្ជាក់ថា ការចរចារវាងកូរ៉េខាងជើង និងអាមេរិក បានជាប់គាំងបន្ទាប់ពីកិច្ចប្រជុំកំពូលរវាងមេដឹកនាំប្រទេសទាំងពីរ នៅទីក្រុងហាណូយ កាលពីខែកុម្ភៈ ឆ្នាំ២០១៩ បរាជ័យ មិនអាចឈានដល់កិច្ចព្រមព្រៀងស្តីពីដំណើរការរំសាយអាវុធនុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េ ៕ ប្រែសម្រួលដោយ៖ thach yat