ប្រទេសចិនបានប្រកាសពីចំនួនអ្នកឆ្លងវីរុសថ្មីបំផុត គឺខ្ពស់ជាងគេជាប្រចាំថ្ងៃរបស់ខ្លួនក្នុងរយៈពេលជាងពីរខែមកនេះ បន្ទាប់ពីទីផ្សារលក់ចំណីអាហារ និងលក់ដុំធំបំផុតរបស់ទីក្រុងប៉េកាំង ត្រូវបានប្រកាសឲ្យបិទទ្វារ ក្រោយពីមានការកើនឡើងឆ្លងមេរោគ ។
គណៈកម្មការសុខាភិបាលជាតិចិន បានប្រកាសឲ្យដឹងកាលពីព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២០ថា មានករណីឆ្លងកូវីដ១៩ ចំនួន៥៧ករណីថ្មី នៅក្នុងប្រទេសចិន ក្នុងរយៈពេល ២៤ ម៉ោង គិតត្រឹមម៉ោងពាក់កណ្តាលអធ្រាត្រ ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២០ ។
នេះជាការឆ្លងកើនឡើងបំផុតប្រចាំថ្ងៃ ចាប់តាំងពីពាក់កណ្តាលខែមេសា ។ ក្នុងចំណោមអ្នកឆ្លងថ្មីទាំងនោះ មាន៣៦នាក់ឆ្លងនៅក្នុងទីក្រុងប៉េកាំង ។
ការឆ្លងកើនឡើងនេះនាំឲ្យព្រួយបារម្ភថា វីរុសអាចវិលត្រឡប់មកវិញ នៅពេលការគ្រប់គ្រងប្រឆាំងនឹងកូវីដ១៩ មានសភាពធូរស្រាល ។
ផ្សារ Xinfadi នៅប៉ែកអាគ្នេយ៍ទីក្រុងប៉េកាំង ត្រូវបានបញ្ជាឲ្យបិទទ្វារកាលពីថ្ងៃទី១៣ ខែមិថុនា ហើយបរិវេណលំនៅដ្ឋានជិតខាងនោះ ត្រូវបានចាក់សោ ។ មនុស្ស ៥០ នាក់នៅក្នុងរាជធានីប៉េកាំងនេះ បានធ្វើតេស្ត៍វិជ្ជមានកូវីដ១៩ ។ ទីក្រុងមួយនេះមានពលរដ្ឋរស់នៅប្រហែល ២០ លាននាក់។ នេះជាការរកឃើញច្រើនបំផុតក្នុងអំឡុងពេល៥០ថ្ងៃកន្លងមកនេះ ។
ប្រទេសចិន ដែលជាកន្លែងជំងឺរាតត្បាតចាប់ផ្តើមវាយលុកដំបូងគេបំផុត កាលពីខែធ្នូ ឆ្នាំ២០១៩នោះ បានប្រកាសបន្ធូរបន្ថយ ការរឹតត្បិតប្រឆាំងនឹងមេរោគ ក្រោយពីគណបក្សកុម្មុយនិស្តដែលកំពុងកាន់អំណាចបានប្រកាសជ័យជំនះទៅលើជំងឺកូវីដ១៩កាលពីខែមីនា ឆ្នាំ២០២០ ។
អាជ្ញាធរបានបិទទ្វារសហគមន៍ចំនួន ១១ នៅជិតផ្សារ Xinfadi ។ ប៉ូលីសបានតំឡើងរបងព័ទ្ធជុំវិញពណ៌ស ដើម្បីបិទផ្លូវ ដោយទាំងចង្កោមអាគារផ្ទះល្វែងមួយចំនួនធំ ៕ ប្រែសម្រួលដោយ៖ thach yat