ក្រើនរំលឹកភ្ញៀវទេសចរ មកកម្សាន្តតាមរមណីយដ្ឋាន ត្រូវរួមគ្នាទប់ស្កាត់កូវីដ-១៩កុំឱ្យឆ្លងចូលសហគមន៍
ខេត្តកំពង់ចាម ៖ ក្នុងឱកាសថ្ងៃឈប់សម្រាករយៈពេលចំនួន៥ថ្ងៃគិតចាប់ពីថ្ងៃទី ១៧ដល់២១ សីហា ឆ្នាំ២០២០ នៅតាមរមណីយដ្ឋាននានា បានទាក់ទាញភ្ញៀវជាតិឲ្យមកកម្សាន្តលេងច្រើនកុះករ ពិសេសនៅរមណីយដ្ឋានទឹកឆាតែម្ដង។ ជាមួយនោះដោយអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ក្រុមកាយឫទ្ធិបានចុះចែកម៉ាស់និងបាញ់អាល់កុល ដើម្បីរួមគ្នាទប់ស្កាត់ជំងឺកូវីដ-១៩ការពារកុំអោយឆ្លងចូលក្នុងសហគមន៍។
លោកស៊ាន សុគុណ ប្រធានមន្ទីរទេសចរណ៍ខេត្តមានប្រសាសន៍ឲ្យដឹងថា ដោយអនុវត្តតាមការណែនាំរបស់រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោកអ៊ុន ចាន់ដា អភិបាលខេត្ត មន្ត្រីបម្រើការងារនៅមន្ទីររបស់លោកបានបែងចែកកម្លាំងចុះតាមគោលដៅតំបន់ទេសចរណ៍សំខាន់ៗ នៅក្នុងនោះមាន:ភ្នំជើងព្រៃ រមណីយដ្ឋានទឹកឆា ប្រាសាទនគរបាជ័យ ភ្នំហាន់ជ័យ ព្រមទាំងតំបន់មួយចំនួនទៀត ដោយមានកិច្ចសហការជាមួយអាជ្ញាធរមូលដ្ឋានក្នុងនោះរួមមាន កងកម្លាំងប្រដាប់អាវុធមាននគរបាលនិងកងរាជអាវុធហត្ថ ដើម្បីពង្រឹងសន្តិសុខនិងសណ្ដាប់ធ្នាប់ជូនភ្ញៀវ ដែលបានមកកម្សាន្តលេងនៅតាមរមណីយដ្ឋាន។
លោកប្រធានមន្ទីរទេសចរណ៍ខេត្ត មានប្រសាសន៍ថា ដោយសារតែប្រទេសកម្ពុជាបានផ្ទុះឡើងនូវជំងឺកូវីដ-១៩ ត្រូវបានប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានសម្រេចផ្អាកបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ដែលបានប្រព្រឹត្តទៅនៅក្នុងអំឡុងខែមេសា ត្រូវបានពន្យារពេលដើម្បីការពារខ្លាចជំងឺនេះឆ្លងពីមនុស្សម្នាក់ទៅម្នាក់ទៀត នឹងឈានចូលដល់សហគមន៍មិនឲ្យកើតមាន។
ក្រោយមករាជរដ្ឋាភិបាលក៏បានប្រកាសសងថ្ងៃឈប់សម្រាកវិញដែលមានរយៈពេលចំនួន៥ថ្ងៃគឺចាប់ពីថ្ងៃទី១៧ដល់២១សីហា២០២០ ក្នុងចំណោមតំបន់រមណីយដ្ឋានទេសចរណ៍ ដែលបានទាក់ទាញមនុស្សមកកម្សាន្តច្រើនជាងគេ គឺនៅទឹកឆា ស្រុកព្រៃឈរក្នុងថ្ងៃដំបូងមានមនុស្សមកលេងជាងគេ។នៅថ្ងៃទី 17សីហា ទូទាំងខេត្ត ទទួលបានភ្ញៀវសរុបជាង ៤.០០០នាក់ ហើយនៅថ្ងៃទី១៨និង ១៩សីហា ជាង៨.០០០ នាក់ ហើយនៅថ្ងៃបន្ទាប់ចំនួននេះនឹងអាចហក់ឡើងចូលដល់ខ្ទង់ម៉ឺននាក់ នេះជាការរំពឹងទុករបស់លោក។
ដោយមានការណែនាំពីរដ្ឋមន្ត្រីក្រសួងទេសចរណ៍ក៏ដូចជាលោកអភិបាលខេត្ត គឺឲ្យភ្ញៀវដែលបានអញ្ជើញមកលេងតាមរមណីយដ្ឋាននានា នៅក្នុងខេត្តកំពង់ចាម ត្រូវចេះអនាម័យដោយមានការរៀបចំបាញ់អាកុលលាងដៃនិងពាក់ម៉ាសជាដើម។ប្រជាពលរដ្ឋកម្ពុជាមួយចំនួនធំ មានការយល់ដឹងច្រើនដោយពួកគាត់ពេលដែលអញ្ជើញមកលេងនៅតាមរមណីយដ្ឋាន គឺមានអាកុលឬជែលដាក់នៅតាមខ្លួន សម្រាប់បាញ់លាងសំអាតដៃកុំឲ្យឆ្លងមេរោគ ព្រមទាំងមានម៉ាសពាក់ថែមទៀតផង។ពួកគាត់គឺមានការយល់ដឹងតាមការណែនាំរបស់ក្រសួងសុខាភិបាល ដោយរួមគ្នា ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ។
ដោយឡែកអាហារដ្ឋានដែលមានទីតាំងស្ថិតនៅក្បែរប៉ុស្តិ៍រដ្ឋបាលសង្កាត់វាលវង់ ក្រុងកំពង់ចាម ដែលបានកែច្នៃបង្កើតជាសួនតុបតែងមានរូបជាច្រើនប្រភេទ រួមទាំងផ្កាដាំលំអរ ក៏បានទាក់ទាញមនុស្សមកកម្សាន្តលេង ព្រមទាំងថតរូបទុកជាអនុស្សាវរីយ៍ ក្នុងពេលដែលបានធ្វើដំណើរឆ្លងកាត់។
លោកអ៊ុន ចាន់ដា អភិបាលខេត្ត ធ្លាប់មានប្រសាសន៍ពេលដែលអញ្ជើញចុះពិនិត្យរមណីយដ្ឋានក្បាលហុងទឹកឆាក្នុងស្រុកព្រៃឈរ នាពេលកន្លងទៅថ្មីៗ ដោយមានប្រសាសន៍គូសបញ្ជាក់អោយដឹងដែរថា សូមឱ្យប្រធានមន្ទីរទេសចរណ៍ខេត្ត ត្រូវយកចិត្តទុកដាក់ណែនាំដល់ម្ចាស់រមណីយដ្ឋាននានា ដោយចេះសំអាតនិងបរិស្ថានឲ្យបានល្អពិសេស ត្រូវតែមានអាកុលសម្រាប់លាងដៃឬជែល ដល់ភ្ញៀវដែលអញ្ជើញមកកំសាន្តលេងដើម្បីរួមគ្នាទប់ស្កាត់ជំងឺ covid កុំឱ្យឆ្លងចូលក្នុងសហគមន៍៕ ផ្តល់សិទ្ធដោយកោះសន្តិភាព