លោក ម៉ូតេហ្គី តូស៊ីមីត្សឹ រដ្ឋមន្ត្រីការបរទេសជប៉ុន បានកោតសរសើរ កម្ពុជាដែលកំពុងគ្រប់គ្រងបាននូវការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ខណៈសហគមន៍អន្តរជាតិ កំពុងប្រឈមជាមួយការរីករាលដាលនៃជំងឺកូវីដ-១៩។
ការលើករបស់លោករដ្ឋមន្ត្រីការបរទេសជប៉ុននេះ ខណៈគិតត្រឹមព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២០ ចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ នៅទូទាំងពិភពលោកកើនឡើងដល់២២,៨៣០,៧៥៣នាក់ ក្នុងនោះអ្នកបាត់បង់ជីវិតចំនួន៧៩៦,២៧៥នាក់ និងជាសះ ស្បើយ ចំនួន១៥,៤៩៧,៨០៤នាក់។
ដោយឡែកនៅកម្ពុជាវិញ គិតមកត្រឹមព្រឹកថ្ងៃទី២១ សីហា បានរកឃើញអ្នកកើតជំងឺកូវីដ-១៩ ចំនួន២៧៣នាក់ ក្នុងនោះអ្នកព្យាបាលជាសះស្បើយ ចំនួន២៥៩នាក់ និងអ្នកសម្រាកព្យាបាល នៅក្នុងមន្ទីរពេទ្យរដ្ឋ និងឯកជន មានចំនួនសរុប១៤នាក់។
យោងតាមគេហទំព័រហ្វេសប៊ុករបស់ស្ថានទូតជប៉ុន ប្រចាំកម្ពុជា នៅថ្ងៃទី២១ សីហា នេះ បានឲ្យដឹងថា លោក ម៉ូតេហ្គី តូស៊ីមីត្សឹ បញ្ជាក់ថា «សហគមន៍អន្តរជាតិ កំពុងប្រឈមជាមួយការរីករាលដាលនៃជំងឺ កូវីដ១៩នៅទូទាំងពិភពលោក។ខ្ញុំសូមកោតសរសើរ ដល់ប្រទេសកម្ពុជាដែលកំពុងគ្រប់គ្រង បាននូវការឆ្លងរាលដាលនេះ ដោយកិច្ចខិតខំប្រឹងប្រែងរបស់អ្នកពាក់ព័ន្ធក្រោមការដឹក នាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងកិច្ចសហការរបស់ប្រជាជន»។
លោកបន្ដថា ជប៉ុន បាននាំមុខក្នុងសហគមន៍អន្តរជាតិជួយដល់ប្រទេសដែលមាន ប្រព័ន្ធសុខាភិបាលមានកម្រិត ដើម្បីទប់ទល់នឹងកូវីដ១៩។ ចំពោះកម្ពុជា ប្រទេសជប៉ុនកំពុងចូលរួមចំណែកតាមរយៈការផ្តល់សម្ភារៈពេទ្យ (អាវពេទ្យសម្រាប់ការពារ និងស្រោមដៃជាដើម)នៅខែកុម្ភៈកន្លងមកនេះ និងការផ្តល់បរិក្ខារវេជ្ជសាស្ត្រ និងកែលម្អមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ក្នុងទឹកប្រាក់ប្រមាណ៤,២០០លានយ៉េន ព្រមទាំងជំនួយបច្ចេកទេសតាម និងសម្ភារៈផ្សេងៗក្នុងទឹកប្រាក់ប្រមាណ១ពាន់លានយ៉េន តាមរយៈអង្គការអន្តរជាតិផងដែរ។
លោកបន្ថែមថា ចំណែកនៅក្នុងវិស័យឯកជន ក្រុមហ៊ុនជប៉ុនកំពុងសហការក្នុងការផ្តល់កម្មវិធីអប់រំជាApp និងកម្មវិធីសិក្សាតាមប្រព័ន្ធអ៊ីនធើណែត រួមទាំងអង្គការក្រៅរដ្ឋាភិបាលជប៉ុនក៏បានកំពុងផ្សព្វផ្សាយនូវវិធានការបង្ការការឆ្លងមេរោគ ក៏ដូចជាគាំទ្រដល់កុមារដែលមិនអាចចូលរៀនដោយសារការបិទសាលារៀន។ ជាមួយគ្នានេះ ក៏មានវេជ្ជបណ្ឌិតជនជាតិជប៉ុនមួយចំនួន បានធ្វើដំណើរចូលក្នុងប្រទេសកម្ពុជា ដើម្បីបំពេញការងារការវះកាត់បន្ទាន់ និងព្យាបាលជម្ងឺជូនប្រជាជនកម្ពុជាផងដែរ។
លោកអះអាងថា ចំណាត់ការលើវិធានការកូវីដ១៩ទាំងនេះ ក៏បានធ្វើឲ្យទំនាក់ទំនងរវាងប្រទេសទាំងពីរកាន់តែមានភាពរឹងមាំផងដែរ។ ដើម្បីពង្រឹងទំនាក់ទំនងនេះបន្ថែមទៀត យើងនឹងបន្តកិច្ចពិភាក្សាជាមួយរាជរដ្ឋាភិបាលកម្ពុជាដើម្បីបើកឡើងវិញនូវការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជនក្នុងវិស័យធុរកិច្ចតាមលក្ខណៈសមស្របនឹងការការពារការឆ្លងរាលដាលសារជាថ្មីនៃកូវីដ១៩។ ម្យ៉ាងវិញទៀត ខ្ញុំក៏មានបំណងជម្រុញនូវសាមគ្គីភាពឆ្ពោះទៅរកការស្តារសេដ្ឋកិច្ច និងការអភិវឌ្ឍក្រោយពេលដែលការរីករាលដាលកូវីដ១៩នេះត្រូវបានបញ្ចប់ផងដែរ ។
ជាងនេះទៅទៀត រដ្ឋមន្ត្រីការបរទេសជប៉ុន បានលើកឡើងថា កម្ពុជាស្ថិតនៅទីកណ្តាលនៃច្រករបៀង សេដ្ឋកិច្ចភាគខាងត្បូងដែលតភ្ជាប់តំបន់មេគង្គ និងពាក់កណ្តាលនៃចំនួនប្រជាជន ជាយុវជនវ័យក្មេង និងស្វាហាប់អាយុក្រោម២៥ឆ្នាំ ដែលនេះជាសក្តានុពលធ្វើឲ្យទំនាក់ទំនងទ្វេភាគី មានភាពកាន់តែស៊ីជម្រៅថែមទៀត។
សូមរំលឹកថា បើតាមមន្ដ្រីក្រសួងការបរទេសខ្មែរ បានឲ្យដឹងថា លោក ម៉ូតេហ្គី តូស៊ីមីត្សឹ រដ្ឋមន្ត្រីការបរទេសជប៉ុន នឹងអញ្ជើញមកដល់កម្ពុជា នៅល្ងាចថ្ងៃទី២១ សីហា នេះ។ដោយលោក នឹងបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា ចាប់ពីថ្ងៃទី ២១-២៣ ខែសីហា ឆ្នាំ២០២០ ខាងមុខនេះ។ ខណៈដែលលោកបំពេញទស្សនកិច្ចនៅកម្ពុជា នឹងជួបពិភាក្សាការងារជា មួយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស ដើម្បីបន្តភាពជាដៃគូយុទ្ធសាស្ត្ររបស់ប្រទេសទាំងពីរកាន់ តែរីកចម្រើនថែមទៀត៕ រក្សាសិទ្ធដោយកោះសន្តិភាព