រដ្ឋមន្ត្រីការបរទេសជប៉ុនបានធ្វើការកត់សម្គាល់ថាប្រជាជនកម្ពុជាកាន់តែច្រើនបានទៅរស់នៅប្រទេសជប៉ុន។
នៅក្នុងសារផ្ញើជូនប្រជាជនកម្ពុជាពេលមកទស្សនកិច្ចនៅកម្ពុជា លោក ម៉ូតេហ្គី តូស៊ីមីត្សឹ រដ្ឋមន្ត្រីការបរទេសជប៉ុនបាននិយាយថា ចំនួនប្រជាជនកម្ពុជាទៅរស់នៅជប៉ុនបានកើនឡើងរហូតដល់ ៤,៣ ដង ដោយកើនឡើងពីចំនួន ៣៤៣៦នាក់កាលពី ឆ្នាំ២០០៤ ហើយបច្ចុប្បន្នមានដល់១៥០៣០ នាក់នៅឆ្នាំ២០២០នេះ។
ភាគច្រើនប្រជាជនកម្ពុជាទៅរស់នៅជប៉ុនទាំងនោះ ដើម្បីធ្វើការ និង រៀនសូត្រ។
លោករដ្ឋមន្ត្រីក៏អោយដឹងដែរថា ចំនួនប្រជាជនជប៉ុននៅកម្ពុជាបានកើនឡើង២.២ដង (ពី១,៧៩៣នាក់ ដល់៣,៩៣៤នាក់) រីឯក្រុមហ៊ុនជប៉ុនកើន២.៧ដង (ពី១៤២ក្រុមហ៊ុន ដល់៣៨៨ក្រុមហ៊ុន)។
ចំណែកឯពាណិជ្ជកម្មទ្វេភាគីកើន២.៣ដង (ពី១០០លានដុល្លាអាមេរិករហូត ដល់២៣០លានដុល្លាអាមេរិក)។ ប្រជាជនកម្ពុជាដែលកំពុងរស់នៅប្រទេសជប៉ុនកើន៤.៣ដង (ពី៣,៤៣៦នាក់ ដល់១៥,០២០នាក់)។
ប្រទេសកម្ពុជាស្ថិតនៅទីកណ្តាលនៃច្រករបៀងសេដ្ឋកិច្ចភាគខាងត្បូងដែលតភ្ជាប់តំបន់មេគង្គ និងពាក់កណ្តាលនៃចំនួនប្រជាជន ជាយុវជនវ័យក្មេង និងស្វាហាប់អាយុក្រោម២៥ឆ្នាំ ដែលនេះជាសក្តានុពលធ្វើឲ្យទំនាក់ទំនងទ្វេភាគីមានភាពកាន់តែស៊ីជម្រៅថែមទៀត ៕ រក្សាសិទ្ធដោយកោះសន្តិភាព