យ៉ាងហោចណាស់មនុស្សម្នាក់បានស្លាប់ និង៤នាក់ផ្សេងទៀត បានរងរបួសធ្ងន់ស្រាល នៅក្នុងហេតុការណ៍ដេញកាប់គ្នា បង្កឱ្យមានការភ្ញាក់ផ្អើលពេញ ក្រុងសៀមរាប កាលពីយប់ថ្ងៃទី ១៩ ខែសីហា ឆ្នាំ២០២០ ត្រង់ចំណុចមុខសណ្ឋាគារ សុខាសៀមរាប(៦០ម) ស្ថិតក្នុងភូមិទ្រាំង សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។
បើតាមប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យមានគ្នា២នាក់ ជិះម៉ូតូ១គ្រឿង ម៉ាកសង់សេ១២៥ ស៊េរីឆ្នាំ២០១៩ ពណ៌ខ្មៅ (អត់ចាំស្លាកលេខ) បានធ្វើសកម្មភាពកាប់ទៅលើ ជនរងគ្រោះមួយក្រុមមានគ្នា៥នាក់ ជិះម៉ូតូចំនួន៣គ្រឿង បណ្តាលឱ្យស្លាប់បាត់បង់ជីវិតម្នាក់ និងរបួស៤នាក់បានរងរបួស ក្រោយមកជនបង្កបានជិះម៉ូតូគេចខ្លួនបាត់ស្រមោល។
បើតាមសាក្សីនៅកន្លែងកើតហេតុបានឱ្យដឹងថា នៅក្នុងហេតុការណ៍ដេញកាប់គ្នានេះ ហាក់ដូចនៅក្នុងរឿងកាប់ដាវហុងកុង ដែលនេះបង្កឱ្យកើតមានអសន្តិសុខក្នុងសង្គមផងដែរ។
ប្រភពដដែលបន្តទៀតថា នៅមិនទាន់ដឹងពីមូលហេតុច្បាស់លាស់ ដែលបង្កឱ្យកើតមានអំពើហិង្សាយ៉ាងដូច្នេះទេ។
បើទោះបីជាយ៉ាងនេះក្តី កម្លាំងសមត្ថកិច្ចចម្រុះកំពុងចុះស្រាវជ្រាវ តាមដាន ដើម្បីចាប់យកជនសង្ស័យមកផ្ដន្ទាទោស តាមផ្លូវច្បាប់ឱ្យ។ ដោយ៖ ត្នោត