កម្លាំងសមត្ថកិច្ចបានធ្វើការឃាត់រថយន្តថៃ១គ្រឿង ដោយសង្ស័យថា ជារថយន្តដែលបានបើករត់គេចខ្លួន ក្រោយកើតមានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ កាលពីវេលាម៉ោង៥ និង២០នាទីល្ងាច ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២០ នៅចំណុចមុខអាហារដ្ឋានផ្ទះជុំគ្រួសារ ស្ថិតក្នុងភូមិប៉ាងរលឹម សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន។
នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានបណ្តាលឱ្យក្មេងស្រីពីរនាក់ស្លាប់ ខណៈពេលសម្រាកព្យាបាលនៅមន្ទីរពេទ្យ។
រហូតមកដល់ថ្ងៃម្សិលមិញនេះ សមត្ថកិច្ចបានធ្វើការសាកសួរទៅកាន់ម្ចាស់រថយន្តជាជនជាតិថៃ ដើម្បីស្វែងរកជនសង្ស័យ នៅក្នុងបទល្មើសគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ។
សូមបញ្ជាក់ថា មូលហេតុដែលបង្កឱ្យមានគ្រោះថ្នាក់កើតឡើង គឺដោយសារ តែរថយន្តថៃ បើកបរវ៉ាជែងក្នុងស្ថានភាពគ្រោះថ្នាក់ លុះជែងមិនផុត បណ្តាលឲ្យកន្ទុយរថយន្តបុកប៉ះដៃចង្កូតម៉ូតូ បណ្តាលឱ្យខ្ទាតមនុស្សចូលរថយន្តកិនស្លាប់ភ្លាមៗ គួរឱ្យអាណោចអាធ័មតែម្តង។
នៅក្នុងហេតុការណ៍នេះដែរ បានណ្តាលឱ្យមនុស្សម្នាក់ស្លាប់ និងរងរបួសធ្ងន់ស្រាល២នាក់ ខូចខាតម៉ូតូ១គ្រឿង។ ជាមួយគ្នាផងដែរ ក្មេងស្រីដែលរងរបួសធ្ងន់ម្នាក់ទៀតត្រូវបានស្លាប់នៅថ្ងៃបន្ទាប់៕ ដោយ៖ ត្នោត