ខេត្តរតនៈគីរី ៖ យោងតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តរតនគិរី បានបង្ហាញអោយដឹងនៅរសៀលថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២០នេះថា ភ្ញៀវទេសចរជាតិ -និងអន្តរជាតិសរុប៣២.២០៥នាក់ ក្នុងនោះភ្ញៀវអន្តរជាតិចំនួន១២៤នាក់ បានដើរលេងកម្សាន្ដតាមរមណីយដ្ឋាននានានៅក្នុងខេត្តរតនគិរីរយៈពេល៣ថ្ងៃ (គឺចាប់ពីថ្ងៃទី១៧-១៨-១៩ ខែសីហា)។
ភ្ញៀវរទេសចរម្នាក់មកពីរាជធានីភ្នំពេញ បាននាំក្រុមគ្រួសារមកលេងក្នុងខេត្តរតនគិរី បានសម្តែងនូវការសប្បាយរីករាយ និងថ្លែងអំណរគុណសន្តិភាព ដែលសន្តិភាពនេះបានអនុញ្ញាតឲ្យគាត់ និងក្រុមគ្រួសារ ក៏ដូចជាប្រជាពលរដ្ឋទូទៅបាននាំគ្នាដើរលេងយ៉ាងសប្បាយរីករាយ ជាមួយនឹងទឹកមុខស្រស់ស្រាយសប្បាយចិត្ត បើទោះបីក្នុងវិបត្តិជំងឺកូវីដ-១៩ ធ្វើអោយប៉ះពាល់ដល់សេដ្ឋកិច្ចពួកគាត់ខ្លះៗក៏ដោយ។
ភ្ញៀវទេសចររូបនេះក៏បានសម្តែងនូវភាពកក់ក្តៅក្នុងចិត្តដែលឃើញវិធានការសុខាភិបាលត្រូវបានអាជ្ញាធរខេត្តធ្វើការរឹតបន្តឹងនៅគ្រប់ទីកន្លែង ដើម្បីបង្ការការពារកាចម្លងជំងឺកូវីដ-១៩ផងដែរ។
ភ្ញៀវរូបនោះបានញ្ជាក់ថា តាមរយៈសកម្មភាពនៃការដើរលេងកម្សាន្តដ៏ច្រើនកុះកររបស់ប្រជាពលរដ្ឋខ្មែរ ក្នុងការឈប់សម្រាកសងពិធីបុណ្យចូលឆ្នាំថ្មីនេះ បានស្តែងឲ្យឃើញយ៉ាងច្បាស់ថា ក្រោមម្លប់សន្តិភាពរបស់កម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា ជាពិសេសបានដាក់ចេញនូវវិធានការសុខាភិបាលបានយ៉ាងល្អ ធ្វើអោយការដើរកំសាន្តរបស់ប្រជាពលរដ្ឋ ទទួលបានភាពសប្បាយរីករាយ និងប្រកបដោយភាពកក់ក្តៅក្នុងចិត្ត។
លោកបន្តថា កត្តាដែលនាំឲ្យពលរដ្ឋដើរលេងកម្សាន្តបានច្រើនបែបនេះ គឺពឹងផ្អែកជាសំខាន់ទៅកត្តាមួយចំនួនដូចជា កត្តាសុខសន្តិភាព ស្ថិរភាព សន្តិសុខសណ្តាប់ធ្នាប់, ជីវភាពប្រជាពលរដ្ឋកាន់តែល្អប្រសើរ ជាពិសេសប្រព័ន្ធហេដ្ឋារចនាសម្ព័នផ្លូវ ស្ពាន ថ្នល់ ត្រូវបានសាងសង់តភ្ជាប់យ៉ាងប្រទាក់ក្រឡាគ្នា ជួយសម្រួលដល់ការធ្វើដំណើរ របស់ប្រជាពលរដ្ឋ៕ ផ្តល់សិទ្ធដោយ៖កោះសន្តិភាព