ដោយសារប៉ូលិសមិនបានអនុវត្តច្បាប់ទៅលើជនល្មើសដែលបានរំលោភក្មេងស្រីនៅក្នុងភូមិភូកេតជាច្រើននាក់ ពេលនេះជនរងគ្រោះកំពុងតែធ្វើពិធីដាក់បណ្តាសាជនល្មើស។
អ្នកភូមិបាននិយាយថាជនល្មើសមានការចោទប្រកាន់ពីបទរំលោភផ្លូវភេទយ៉ាងហោចណាស់ ២០ ទាក់ទងនឹងអនីតិជនដែលខ្លះមានអាយុតិចជាង ៥ ឆ្នាំ។ ពួកគេនិយាយថាមានតែបណ្តឹងមួយប៉ុណ្ណោះដែលត្រូវបានប៉ូលិសយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការស៊ើបអង្កេត។ តែក្រោយមកជនល្មើសត្រូវបានដោះលែងឱ្យនៅក្រៅឃុំនិងនៅតែរស់នៅក្នុងសហគមន៍ដូចធម្មតា ហើយជនរងគ្រោះសង្ឃឹមថាមន្រ្តីប៉ូលិសនឹងចាត់វិធានការនិងបញ្ជូនជនល្មើសទៅពន្ធនាគារវិញ។ ជនរងគ្រោះបានជួបជុំគ្នានៅសាលសហគមន៍ Tha Sak ក្នុងតំបន់ Pa Khlok ដើម្បីធ្វើពិធីមួយដោយដុតអំបិលនិងម្ទេស។ ពួកគេបានសរសេរបណ្តាសាលើក្រដាសរួចបោះវាចូលក្នុងចង្ក្រានធ្យូងដែលមានអំបិលនិងម្ទេសនោះ។ ក្មេងស្រីអាយុ ១៧ ឆ្នាំម្នាក់បាននិយាយប្រាប់ Phuket News ថា នាងត្រូវបានជនល្មើសហៅឱ្យមកស្នាក់នៅផ្ទះរបស់គាត់ដោយសន្យាថានឹងផ្គត់ផ្គង់ប្រាក់កាសដល់នាង។ គួរបញ្ជាក់ផងដែរថា ម្តាយក្មេងស្រីទើបតែទទួលមរណភាព ហើយនាងត្រូវការកន្លែងដើម្បីរស់នៅ។ ពេលស្នាក់នៅក្នុងផ្ទះ ជនល្មើសបានចាប់រំលោភក្មេងស្រីរងគ្រោះ ក្រោយមកនាងបានរត់ចេញពីផ្ទះប៉ុន្តែចាំបាច់ត្រូវត្រឡប់ទៅយករបស់សម្ភាររបស់នាងវិញ។ ជនរងគ្រោះបន្តថា នៅពេលនាងត្រឡប់មកវិញជនល្មើសព្យាយាមចាប់រំលោភនាងម្តងទៀត។ ក្មេងស្រីនិយាយថាប៉ូលិសមិនទទួលយកពាក្យបណ្តឹងរបស់នាងទេ ព្រមទាំងប្រាប់នាងថានាងត្រូវការអាណាព្យាបាលចុះហត្ថលេខាលើបណ្តឹងរបស់នាងក្នុងនាមជាសាក្សី។
រូបតំណាង
លោកតា Chuanpit Ruengdet អាយុ ៧៣ ឆ្នាំមានប្រសាសន៍ថា ចៅស្រីរបស់គាត់ក៏ធ្លាប់ត្រូវបានបុរសដដែលវាយធ្វើបាបកាលពី ២ ឆ្នាំមុនផងដែរ ដែលចៅរបស់គាត់ទើបតែមានអាយុ ៨ និង ៥ ឆ្នាំប៉ុណ្ណោះ។ ក្មេងស្រីដទៃទៀតបាននិយាយថា ជនល្មើសបានគំរាមសម្លាប់ប្រសិនបើហ៊ានប្រាប់រឿងនេះទៅអ្នកផ្សេង។ អ្នកភូមិបានមូលមតិគ្នាថា ប្រសិនបើរឿងនេះនៅតែមិនដំណើរការទៅតាមច្បាប់នោះទេ ពួកគេនឹងរាយការណ៍រឿងនេះទៅមូលនិធិ «Pavena ការពារកុមារនិងស្ត្រី»៕
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ the tiger