រហូតមកដល់ព្រឹក ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២០នេះ ចំនួនអ្នកឆ្លងវីរុសកូរ៉ូណា ឬកូវីដ១៩ នៅលើពិភពលោក បានបន្ដកើនឡើង រហូតដល់ ៧ ៧៣១ ៦៧៣នាក់ ក្នុងនោះមានអ្នកជាសះស្បើយ ៣ ៩២៥ ២៧៣នាក់ និងស្លាប់ ៤២៨ ២១០នាក់។
បើតាមតួលេខ នៃចំនួនអ្នកឆ្លងខាងលើនេះ នៅមិនទាន់មានសញ្ញាថមថយ នៃការឆ្លងកូវីដ១៩នោះឡើយ។ ពីមួយថ្ងៃទៅមួយថ្ងៃ នៅលើពិភពលោក នៅតែមានអ្នកឆ្លងកើនឡើងយ៉ាងច្រើន ដោយសារបណ្ដាប្រទេសជាច្រើន បើកទ្វារដំណើរការសេដ្ឋកិច្ចឡើងវិញ និងការធ្វើបាតតុកម្មប្រឆាំងនឹងការរើងអើងជាតិសាសន៍ នៅអាមេរិក និងតំបន់អឺរ៉ុប ក្រោយការស្លាប់របស់ George Floyd ។
សហរដ្ឋអាមេរិក នៅតែជាប្រទេសមានអ្នកឆ្លងកូវីដ១៩ ច្រើនជាងគេបំផុត នៅលើពិភពលោក។ ប្រទេសមហាអំណាចលេ១ ទាំងសេដ្ឋកិច្ច និងយោធារបស់ពិភពលោកមួយនេះ មានអ្នកឆ្លងកូវីដ១៩ ចំនួន ២ ១១៦ ៩២២នាក់ ក្នុងនោះមានអ្នកជាសះស្បើយ ៨៤១ ៩៣៤នាក់ និងស្លាប់ ១១៦ ៨២៥នាក់។
ប្រេស៊ីល ជាប្រទេសមានអ្នកឆ្លងលំដាប់លេខ២ បន្ទាប់ពីអាមេរិក ដោយមានអ្នកឆ្លងបន្ដកើនឡើងដល់ ៨២៩ ៩០២នាក់ ក្នុងនោះមានអ្នកជាសះស្បើយ ៣៩៦ ៦៩២នាក់ និងមានអ្នកស្លាប់ ៤១ ៩០១នាក់។
ជាមួយគ្នានេះដែរ រុស្ស៊ី ជាប្រទេសមហាអំណាចយោធាលំដាប់លេខ២របស់ពិភពលោក មានអ្នកឆ្លងកូវីដ១៩ច្រើនលំដាប់លេខ៣ ដោយមានអ្នកឆ្លង បន្ដកើនឡើងដល់ ៥១១ ៤២៣នាក់ ក្នុងនោះមានអ្នកជាសះស្បើយ ២៦៩ ៣៧០នាក់ និងស្លាប់ ៦ ៧១៥នាក់។
នៅលើពិភពលោក តំបន់ដែលមានអ្នកស្លាប់ និងឆ្លងកូវីដ១៩ច្រើនជាងគេ គឺតំបន់អាមេរិកខាងជើង និងខាងត្បូង, តំបន់អឺរ៉ុប និងតំបន់សមុទ្រមេឌីទែរ៉ាណេ៕ ប្រែសម្រួលដោយ Nuon