សារព័ត៌មាន South China Morning Post (SCMP) បានផ្សាយកាលពីថ្ងៃទី១២ ខែមិថុនា ថា កោះតៃវ៉ាន់បានបាញ់សាកល្បងមីស៊ីលចំពេលកំពុងតែតានតឹងជាមួយចិន ។
មីស៊ីលបាញ់ចេញពីឆ្នេរសមុទ្រ នាភាគខាងកើត និងភាគខាងត្បូងកោះនេះ។ ការសាកល្បងមីស៊ីល ស្ថិតក្នុងកម្មវិធីអភិវឌ្ឍមីស៊ីលការពារកោះតៃវ៉ាន់ និងទប់ទល់ក្នុងសង្គ្រាមដែលអាចកើតមានឡើង។
ចិននៅតែចាត់ទុកកោះតៃវ៉ាន់ គឺជាផ្នែកមួយនៃទឹកដីរបស់ចិន មិនអាចកាត់ផ្តាច់បាន។ កន្លងមក ទីក្រុងប៉េកាំងបានព្រមានថា ចិននឹងបើកការវាយប្រហារ ប្រសិនបើកោះតៃវ៉ាន់ប្រកាសឯករាជភាព កាត់ផ្ដាច់ចេញពីចិននោះ។
តៃវ៉ាន់ មានគម្រោងបាញ់សាកល្បងមីស៊ីល រហូតដល់ទៅ៤លើក ហើយនៅពេលខាងមុខនឹងមានការបាញ់មីស៊ីលជាបន្តទៀត។ អ្នកនេសាទកោះតៃវ៉ាន់ទទួលបានការប្រកាសឲ្យចៀសឆ្ងាយ ចេញពីតំបន់សមុទ្រ ដែលជាគោលដៅបាញ់មីស៊ីល។
ការប្រឈមមុខតានតឹង រវាងកោះតៃវ៉ាន់ និងចិន កាន់តែកើតឡើង ហើយអាមេរិកក៏បានបង្ហាញវត្តមាន នៅកោះតៃវ៉ាន់កាន់តែច្រើនឡើងផងដែរ។ កន្លងមក ចិនបានបញ្ជូនយន្តហោះចម្បាំង Sukhoi Su-30 ហោះហើរ នៅតំបន់ភាគខាងត្បូងកោះតៃវ៉ាន់ ក្រោយពេលមានយន្តហោះ US C-40A របស់អាមេរិកហោះហើរក្នុងតំបន់នោះ៕ ប្រែសម្រួលដោយ៖MEO