ផ្នត់គំនិតរបស់អ្នកអាចជះឥទ្ធិពលច្រើនណាស់ដល់អ្នក ជាពិសេសនៅពេលដែលអ្នកកំពុងមានអារម្មណ៍ស្ត្រេស។ សេដ្ឋវិទូក៏បានប្រទះឃើញថា មនុស្សភាគច្រើនទទួលរងផលប៉ះពាល់ពីផ្នត់គំនិតមួយចំនួនពេលដែលធ្វើការសម្រេចចិត្ត និងទទួលយកព័ត៌មាន។ វាមិនងាយស្រួលទេ ក្នុងការសន្សំលុយនៅពេលដែលអ្នកគិតថា ថ្ងៃស្អែកពោរពេញទៅដោយភាពមិនប្រាកដប្រជា។ ប៉ុន្តែស្ថានការហិរញ្ញវត្ថុរបស់អ្នកពឹងផ្អែកលើសមត្ថភាពក្នុងការសម្រេចចិត្តរបស់អ្នកដែរដូច្នេះអ្នកត្រូវតែយល់ដឹងនូវផ្នត់គំនិតមួយចំនួនដែលអាចជួយឲ្យអ្នកសន្សំលុយបានកាន់តែច្រើន និងធ្វើការសម្រេចចិត្តបានកាន់តែល្អជាងមុនផងដែរ។
១. ផ្អាកនិងគិតមុនពេលសម្រេចចិត្ត៖
មនុស្សភាគច្រើនមានទម្លាប់ប្រញាប់ទិញ ឬប្រមូលសម្ភារៈអ្វីមួយពេលដែលពួកគេគិតថាសម្ភារៈនោះកំពុងតែមានតិចលើទីផ្សារ។ ឧទាហរណ៍ដូចជាការផ្ទុះជំងឺកូវីដ បានបង្កឲ្យមនុស្សទូទាំងប្រទេសប្រញាប់រត់ទៅទិញអាល់កុលលាងដៃ ម៉ាស់មុខ និងម្ហូបអាហារដាក់ផ្ទះជាដើម។
ដើម្បីជៀសវាងសម្ពាធក្នុងការប្រមូលទិញនេះ អ្នកគួរតែផ្អាកការទិញ និងព្យាយាមគិតឲ្យបានគ្រប់ជ្រុងជ្រោយជាមុនសិនថា តើសម្ភារៈទាំងនោះពិតជាមានការខ្វះខាតពិតមែនទេ?
២. ការគិតគូរបានវែងឆ្ងាយ៖
មនុស្សមានការលំបាកក្នុងការប្រៀបធៀបតម្លៃអ្វីមួយដែលពួកគេមាននៅថ្ងៃនេះ និងអ្វីដែលពួកគេនឹងមាននៅថ្ងៃអនាគត។ ដោយហេតុដូចនេះហើយទើបពួកគេធ្វើការសម្រេចចិត្តមិនល្អៗក្នុងពេលបច្ចុប្បន្ន ទោះដឹងថា វាអាចប៉ះពាល់ដល់អនាគតរបស់ពួកគេពិតមែនក្តី។ ឧទាហរណ៍ ការចាយវាយខ្ជះខ្ជាយដោយមិនមានប្រាក់សន្សំសម្រាប់ពេលមានអាសន្នជាដើម។
អ្នកអាចដោះស្រាយបញ្ហានេះ បានដោយព្យាយាមស្រម៉ៃថា អ្នកកំពុងតែមានការសន្ទនាជាមួយខ្លួនឯងនៅថ្ងៃអនាគតពីការសម្រេចចិត្តដែលអ្នកបានធ្វើឡើងក្នុងថ្ងៃនេះ។ ការសិក្សាមួយបានបង្ហាញថា ការធ្វើដូច្នេះពិតជាអនុញ្ញាតឲ្យមនុស្សធ្វើការសម្រេចចិត្តបានវែងឆ្ងាយជាងមុនពិតមែន។
៣. កុំគិតតែលើលទ្ធផលពេក៖
ជាទូទៅ មនុស្សងាយនឹងខ្លាច បន្ទាប់ពីបានធ្វើអ្វីមួយដែលខុស ឬបានដកបទពិសោធន៍នូវហេតុការណ៍មួយដែលមិនល្អជាដើម។ ឧទាហរណ៍ មនុស្សដែលធ្លាប់ចេញរកការងារក្នុងពេលដែលសេដ្ឋកិច្ចមានវិបត្តិមានការលំបាកក្នុងការចាកចេញពីការងារខ្លួន ដើម្បីរកឱកាសការងារថ្មីៗ ព្រោះខ្លាចរកការងារថ្មីមិនបានទោះជាទីផ្សារការងារមានភាពទូលំទូលាយជាដើម។
ប៉ុន្តែអ្វីដែលអ្នកត្រូវចងចាំ គឺជីវិតគឺពោរពេញទៅដោយការគណនាហានិភ័យតូច និងធំ។ មានន័យថាពេលខ្លះ ការសម្រេចចិត្តដែលអ្នកគិតថាត្រឹមត្រូវនៅតែអាចនាំយកលទ្ធផលមិនត្រឹមត្រូវមកឲ្យអ្នកដដែល។ ប្រសិនបើអ្នកមានមូលហេតុសមហេតុសមផលសម្រាប់ការទិញនោះ អ្នកបានធ្វើការសម្រេចចិត្តដែលត្រឹមត្រូវហើយ។
អ្នកត្រូវឮំលឹកប្រាប់ខ្លួនឯងថា អ្នកមិនចាំបាច់គិតតែពីលទ្ធផលដែលមិនល្អដែលអ្នកទទួលបានទេ។ អនុញ្ញាតឲ្យអ្នកទទួលស្គាល់ថា អ្នកបានសម្រេចចិត្តត្រឹមត្រូវដោយយោងតាមព័ត៌មានដែលអ្នកមានពិតមែន។ ដកស្រង់ចេញពីវេបសាយ ៖ acorns ផ្ដល់សិទ្ធដោយ៖ កោះសន្តិភាព