មិនថា អ្នកជានិស្សិតដែលទើបតែបញ្ចប់ការសិក្សា និងចាប់ផ្តើមអាជីពរបស់ខ្លួន ឬជាបុគ្គលម្នាក់ដែលកំពុងព្យាយាមផ្លាស់ប្តូរអាជីពទេ ភាពជោគជ័យក្នុងអាជីពពឹងផ្អែកលើការគ្រប់គ្រងទិសដៅដែលអ្នកដើរ។ ប្រសិនបើអ្នកមានក្តីសុបិនចង់ក្លាយជាសហគ្រិន ការគ្រប់គ្រងអាជីពរបស់អ្នកប្រៀបដូចជានាយកប្រតិបត្តិម្នាក់នឹងអនុញ្ញាតឲ្យអ្នកមានឱកាសជោគជ័យច្រើន។
ខាងក្រោមគឺជាវិធីសាស្ត្រមួយចំនួនដែលអ្នកអាចសម្រេចបានគោលដៅនេះ៖
១. ការធ្វើការសម្រេចចិត្ត៖
ភាពជាអ្នកដឹកនាំតម្រូវឲ្យអ្នកធ្វើការសម្រេចចិត្តលំបាកៗ។ នាយកត្រូវតែធ្វើការសម្រេចចិត្តដោយយោងតាមព័ត៌មានដែលអ្នកមាន ដែលភាគច្រើនវាមិនគ្រប់គ្រាន់ឡើយ។ លោកមហាសេដ្ឋីជេហ្វ បេសូស (Jeff Bezos) ដែលជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Amazon និងជាបុរសដែលមានទ្រព្យសម្បត្តិច្រើនជាងគេលើលោកបានប្រាប់មកថា ជាដំបូងអ្នកត្រូវមើលសិនថា តើវាជាការសម្រេចចិត្តប្រភេទអ្វី?
ការសម្រេចចិត្តប្រភេទទីមួយ គឺការសម្រេចចិត្តដែលអ្នកមិនអាចដើរថយក្រោយវិញបាន ដូចជាការលាឈប់ពីការងារជាដើម និងការសម្រេចចិត្តប្រភេទទីពីរជាការសម្រេចចិត្តដែលអ្នកអាចដកខ្លួនចេញវិញបានដូចជាការចុះឈ្មោះចូលរៀនវគ្គខ្លីដែលមិនជួយអ្វីដល់អ្នកជាដើម។
២. ការរៀនជំនាញថ្មីៗ៖
វាពិតជាងាយស្រួលណាស់ក្នុងការធ្លាក់ខ្លួនចូលក្នុងស្ថានការមួយដែលអ្នកមិនព្យាយាមរៀនសូត្រអ្វីដែលថ្មីៗ ហើយកិច្ចការពីមួយថ្ងៃទៅមួយថ្ងៃចាប់ផ្តើមមានភាពច្រំដែលៗ។ មានពេលខ្លះ ស្ថានការដែលមានភាពស្ត្រេសច្រើនក៏អាចផ្តល់អត្ថប្រយោជន៍ដល់អ្នកាបនដែរ ព្រោះវាអនុញ្ញាតឲ្យអ្នកដកបទពិសោធន៍ថ្មីៗ និងធ្វើឲ្យខ្លួនកាន់តែរឹងមាំជាងមុន។
ដោយហេតុដូចនេះ ទើបអ្នកមិនត្រូវឈប់ព្យាយាមអភិវឌ្ឍន៍ខ្លួនឡើយដូចជាការរៀនជំនាញថ្មីៗជាដើម ជាពិសេសជំនាញបច្ចេកទេសដែលកំពុងមានតម្រូវការខ្ពស់ និងជំនាញទន់ដែលតែងតែមានភាពចាំបាច់ក្នុងគ្រប់វិស័យទាំងអស់។
៣. ស្ថិតនៅជិតមនុស្សដែលឆ្លាតវៃ៖
សង្គមវាយតម្លៃលើមនុស្សដែលពួកគេរាប់អាន ហើយពិភពអាជីវកម្មវាយតម្លៃលើបុគ្គលិកដែលត្រូវបានជ្រើសរើស បញ្ឈប់ការងារ និងសហការជាមួយជាដើម។ មានន័យថាអ្នកត្រូវតែទទួលស្គាល់ និងចេះមើលទេពកោសល្យ និងអត្តចរិតរបស់មនុស្ស ជាពិសេសមនុស្សដែលអ្នកត្រូវធ្វើការជិតស្និទ្ធជាមួយដើម្បីឲ្យអ្នកអាចរៀនសូត្រពីពួកគេបាន៕ ផ្ដល់សិទ្ធដោយ៖ កោះសន្តិភាព