ប្រេស៊ីល ៖ ក្រសួងសុខាភិបាលរបស់ប្រទេសប្រេស៊ីល បានរាយការណ៍កាលពីថ្ងៃពុធថា ប្រទេសប្រេស៊ីល បានបញ្ជាក់ថាមានករណីឆ្លងកូវីដថ្មីចំនួន ៤៩,២៩៨ករណី និងមានការបាត់បង់ជីវិតដោយសារកូវីដថ្មីចំនួន ១,២១២ករណី ក្នុងរយៈពេល២៤ម៉ោងកន្លងមកនេះ។ យ៉ាងហោចណាស់ មានមនុស្សចំនួន ១១១,១០០នាក់ បានបាត់បង់ជីវិតនៅក្នុងប្រទេសប្រេស៊ីលដោយសារវីរុសនេះ។ ចំនួនករណីឆ្លងកូវីដសរុបក្នុងប្រទេសនេះ ដែលត្រូវបានបញ្ជាក់ឥឡូវមានចំនួន ៣,៤៥៦,៦៥២ នាក់។
មន្ត្រីសុខាភិបាលជាន់ខ្ពស់របស់ប្រទេសប្រេស៊ីលបាននិយាយនៅក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃនេះថា ការបាត់បង់ជីវិតដែលទាក់ទងនឹងកូវីដក្នុងប្រទេសប្រេស៊ីលមានការធ្លាក់ចុះ។ លេខាធិការនៃការឃ្លាំមើលសុខភាពប្រេស៊ីល លោក Arnaldo Correia de Medeiros បានមានប្រសាសន៍ថា៖ «ចាប់តាំងពីសប្តាហ៍ទី៣០ (ពាក់កណ្តាលខែកក្កដា) អត្រាបាត់បង់ជីវិត ដោយកូវីដ បានធ្លាក់ចុះជាលំដាប់។ យើងតាមដានសកម្មភាពឆ្លងរបស់វីរុសនេះឱ្យជាប់ ក្នុងរយៈពេល២ទៅ៣សប្តាហ៍ខាងមុខ ដើម្បីប្រាកដថា វាចុះមែនឬក៏អត់។
យោងតាមទិន្នន័យដែលបានចេញផ្សាយកាលពីថ្ងៃពុធ ដោយក្រសួងសុខាភិបាលប្រេស៊ីល បានឱ្យដឹងថា គិតត្រឹមសប្តាហ៍មុនការបាត់បង់ជីវិតដែលទាក់ទងនឹងកូវីដបានធ្លាក់ចុះ ២% បើប្រៀបធៀបនឹងសប្តាហ៍មុន៕ ផ្ដល់សិទ្ធដោយ៖ កោះសន្តិភាព