តាមសេចក្តីរាយការណ៍បន្តថា ក្រោយពីការសាងសង់ផ្ទះល្វែងមួយកន្លែងរួចរាល់ជាស្ថាពរហើយ មេការបានប្រើឲ្យកម្មករសំណង់ម្នាក់ឡើងទៅរុះរើស្បៃដែលបាំងព័ទ្ធការពារមិនឲ្យសម្ភារៈសំណង់ផ្សេងៗនៅទីនោះធ្លាក់ចុះមកក្រោមបង្កគ្រោះថ្នាក់ដល់អ្នកដទៃចេញ ។ ប៉ុន្តែដោយសារតែផ្ទះនោះសង់កៀកនឹងខ្សែភ្លើង ហើយពេលដាក់រន្ទាឡើងជាប់នឹងបង្គោលភ្លើងថែមទៀតនោះ លុះពេលឡើងទៅក៏បានជាន់លើខ្សែភ្លើង បណ្ដាលឲ្យឆ្លងចរន្តបែកជាផ្កាភ្លើងព្រាតៗធ្វើឱ្យឆក់បុរសជាកម្មកររូបនោះធ្លាក់ពីកម្ពស់៣ជាន់មកក្រោមធ្វើឱ្យបាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែងតែម្ដង។
ហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីម៉ោង៧និង៤៥នាទីព្រឹក ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២០ នៅត្រង់ចំណុចខាងត្បូងភ្លើងស្តុបទួលពង្រចម្ងាយប្រមាណ១០០ម៉ែត្រ នៅតាមបណ្ដោយផ្លូវទួលពង្រ ស្ថិតក្នុងភូមិត្រពាំងថ្លឹង១ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ។
តាមប្រភពបានបញ្ជាក់ថា ខណៈនោះជនរងគ្រោះបានឡើងតាមរន្ទាឈើដែលដាក់នៅជាប់នឹងបង្គោលភ្លើង តែជាអកុសលបានជាន់លើខ្សែភ្លើង បណ្ដាលឲ្យឆ្លងចរន្តទុស្សេបែកផ្កាភ្លើងព្រាត និងឆក់បុរសរងគ្រោះហុយផ្សែងតាមខ្លួន រួចធ្លាក់ពីលើរន្ទាកម្ពស់៣ជាន់ របួសសធ្ងន់ធ្ងរតែម្តង៕ ដោយ៖ត្នោត