“ពើងគំនូរ” ផ្ទាំងថ្មធម្មជាតិធំៗបង្កប់ចម្លាក់គំនូរដ៏អស្ចារ្យជាស្នាដៃបុព្វបុរសខ្មែរស.វ ទី១១
ពើងគំនូរគឺជាកន្លែងសក្ការមួយ ស្ថិតក្នុងខេត្តសៀមរាប មានទីតាំងភាគខាងកើតនៃជើងភ្នំគូលែន ឬឈ្មោះដើមមហេន្ទ្របពត៌ ជាអតីតរាជធានីព្រះបាទជ័យវរ្ម័នទី២(បរមេស្វរៈ) ជាស្ថាបនិកនៃសន្តតិវង្សក្រុងអង្គរ។
ទីសក្ការនោះមានផ្ទាំងថ្មធម្មជាតិធំៗរាយប៉ាយ រំលេចនូវចម្លាក់គំនូរទេវព្រហ្មញ្ញសាសនាផុសលើផ្ទាំងថ្ម ហាក់បីដូចជាទីឋាន ក្នុងរឿងព្រេងនិទានកាលពីយូរលង់ អន្ទងចិត្តអ្នកសិក្សាផ្នែកបុរាណវិទ្យា និងទេសចរចង់ដឹងចង់ឃើញពីតំបន់ទីក្រុងបុរាណមួយនេះ។
ពើងគំនូរ ឬអ្នកខ្លះហៅថាពើងកេងកងជាស្នាដៃបុព្វបុរសខ្មែរ កសាងឡើងក្នុងស.វទី១១ រជ្ជកាលព្រះបាទហស៌វរ្ម័នទី៣ ដោយព្រះរាជគ្រូសិវសោម។ ចម្លាក់នៅពើងគំនូរមាន៤ ផ្ទាំងដោយភាគខាងលិចមានចម្លាក់រូបព្រះវិស្ណុផ្ទុំលើនាគអនន្ដ, ទីពីរនៅទល់មុខចម្លាក់នេះមានចម្លាក់ព្រះគណេសព្រះហស្ត ៨ រួមជាមួយលិង្គបញ្ឈរចំនួន៣អមដោយស៊ុមព័ទ្ធជុំវិញ។
ផ្ទាំងទី៣ មានចម្លាក់ទេវជាច្រើនអង្គ និងផ្ទាំងថ្មទី៤ មានចម្លាក់ព្រះវិស្ណុឈរលើគ្រុឌ។ ក្នុងជំនឿលទ្ធិព្រះពុទ្ធសាសនាកាត់ក្លាយព្រហ្មញ្ញតែងគោរពបូជាទីទួល ជ្រោះជ្រលងដងភ្នំស្ទឹងបឹងបួ ព្យុះភ្លៀងផ្គរ ព្រៃព្រឹក្សា ទេវតា ព្រលឹង ម្ចាស់ទឹកម្ចាស់ដី និងផ្ទាំងថ្មជាដើម។ ពើងទាំងអស់ ខ្មែរបុរាណទុកជាប្រាសាទភ្នំ ជាទីសក្ការបូជាសម្រាប់សាសនាទើបមានបន្សល់ទុកនូវរូបចម្លាក់ទេវ និងសិលាចារិករហូតដល់សព្វថ្ងៃ៕
អត្ថបទ៖ Wow Cambodian/ ប្រភពរូប៖ Noun Roth