កម្លាំងនគរបាលមូលដ្ឋាននៃក្រុងសៀមរាប បានធ្វើការឃាត់ខ្លួនយុវជនម្នាក់ ពាក់ព័ន្ធករណីលួចកាច់សោរម៉ូតូរបស់គ្រូបង្រៀនជាជនជាតិកូរ៉េម្នាក់។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២និង២០រសៀល ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២០ ស្ថិតនៅក្នុងភូមិខ្នារ សង្កាត់ជ្រាវ ក្រុង- ខេត្តសៀមរាប ។
បើតាមការឱ្យដឹងពីលោកស្នងការរងទទួលផែនកណ្តាលព្រហ្មទណ្ឌ នៃស្នងការដ្ឋានខេត្តសៀមរាបបានប្រាប់តាមទូរស័ព្ទថា កម្លាំងនគរបាលមូលដ្ឋាននៃក្រុងសៀមរាប បានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ រី ហ្វីន ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅភូមិខ្នារ សង្កាត់ជ្រាវ ក្រុង.ខេត្តសៀមរាប ពាក់ព័ន្ធនឹងអំពីករណីអំពើលួចមានស្ថានទម្ងន់ទោស (កាច់សោ.កម៉ូតូ) ។ មុនកើតហេតុនៅថ្ងៃទី១៨ ខែសីហា វេលាម៉ោង២និង២០នាទីរសៀល ស្ថិតនៅក្នុងភូមិខ្នារ សង្កាត់ជ្រាវ មានជនរងគ្រោះម្នាក់ឈ្មោះ lee ILHOON ភេទប្រុស អាយុ៤៨ឆ្នាំ ជាជនជាតិកូរ៉េខាងត្បូង មុខរបរគ្រូបង្រៀនក្នុងអង្គការបណ្ដុះបណ្ដាល ដើម្បីគុណភាព មានទីលំនៅស្នាក់នៅភូមិវត្តស្វាយ សង្កាត់សាលាកំរើក ក្រុង-ខេត្តសៀមរាប ។ ម៉ូតូដែលបាត់ ម៉ាកហុងដាឌ្រីមសេ 125 ពណ៌ខ្មៅស៊េរីឆ្នាំ 2017 ផ្លាកលេខសៀមរាប 1V-7648 នៅកន្លែងធ្វើការ។ លុះពេលគាត់ចេញពីធ្វើការវិញ មករកម៉ូតូ ស្រាប់តែក៏មិនឃើញនោះទេ ។
ក្រោយពីទទួលបណ្តឹងភ្លាម កម្លាំងនគរបាលមូលដ្ឋានក៏បាននាំយកយុវជនម្នាក់យកមកសួរនាំ ស្រាប់តែក្នុងពេលនោះក៏មានសាក្សីរត់បានប្រាប់សមត្ថកិច្ចថា ឃើញយុវជនរូបនេះអូសម៉ូតូចេញពីអង្គការ។ ក្រោយពីសួរនាំយុវជនដែលជាជនសង្ស័យរួច ជនសង្ស័យរូបនោះបានឆ្លើយសារភាពថា ខ្លួនពិតជាលួចឆ្កឹះសោយកម៉ូតូជនរងគ្រោះពិតមែន។ បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប កំពុងរៀបចំកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូង ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ចំពោះវត្ថុតាងត្រូវប្រគល់ឱ្យម្ចាស់ដើមវិញហើយ៕ ដោយ៖ ត្នោត