រាជធានីភ្នំពេញ ៖ ក្នុងឱកាសឈប់សម្រាកសងថ្ងៃចូលឆ្នាំខ្មែរ ដែលត្រូវនឹងថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២០នេះ មានភ្ញៀវទេសចរ និងប្រជាពលរដ្ឋដែលចេញដើរទស្សនាកម្សាន្តនៅទូទៅប្រទេសមានចំនួន ៣២៥,០៧៧នាក់ កើនឡើង ១៧.៣២% ធៀបនឹងថ្ងៃទី២ ហើយបើធៀបនឹងថ្ងៃទី១ គឺកើនឡើងដល់ទៅ ៣៩.៣២% ក្នុងនោះខេត្តសៀមរាប និងខេត្តកំពតនៅតែជាគោលដៅទេសចរណ៍ទៅលេងច្រើនជាងគេ។
បើតាមលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានបញ្ជាក់ឱ្យដឹងថា ក្នុងចំណោមភ្ញៀវសរុបមានចំនួនសរុប ៣២៥,០៧៧នាក់នេះ មានភ្ញៀវជាតិមានចំនួន ៣២២,៣៨០នាក់ និងភ្ញៀវអន្តរជាតិមានចំនួន ២,៦៩៧នាក់។
លោករដ្ឋមន្ត្រីទេសចរណ៍បញ្ជាក់បន្ថែមថា គោលដៅទេសចរណ៍សំខាន់ៗក្នុងស្រុកមួយចំនួន រួមមាន ៖ ខេត្តសៀមរាបមានចំនួន ៤៥,៩០៦នាក់, ខេត្តកំពតមានចំនួន ៤១,៨៧៥នាក់, ខេត្តកែបមានចំនួន ៤០,៥៩៦នាក់, ខេត្តបាត់ដំបងមានចំនួន ៣០,៧៤៥នាក់, ខេត្តព្រះសីហនុមានចំនួន ២៥,៣៧៣នាក់, ខេត្តពោធិ៍សាត់មានចំនួន ១៥,៦៣៣នាក់, ខេត្តព្រះវិហារមានចំនួន ១៤,៣៨៥នាក់, ខេត្តកណ្តាលមានចំនួន ១១,០៣៤នាក់, ខេត្តកំពង់ឆ្នាំងមានចំនួន ១០,៤៣០នាក់, ខេត្តរតនគិរីមានចំនួន ៩,៧០៤នាក់ និងខេត្តមណ្ឌលគិរីមានចំនួន ៨,៤៥៣នាក់។
លោករដ្ឋមន្ត្រី ថោង ខុន ក៏បានកត់សម្គាល់ផងដែរថាថា «សរុបស្ថិតិភ្ញៀវទេសចររយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៧-១៩ ខែសីហា គឺមានចំនួន ៨៣៥,៤៨៤នាក់»។ ចំណែកសភាពការណ៍សន្តិសុខ សណ្ដាប់ធ្លាប់នៅតាមកន្លែងមានភ្ញៀវទៅទស្សនានោះ មិនមានបញ្ហាអ្វីធំដុំនោះឡើយ៕ផ្តល់សិទ្ធដោយ៖កោះសន្តិភាព