រាជធានីភ្នំពេញ ៖ ក្រសួងសុខាភិបាលបានប្រកាសនៅព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០២០ បន្តព្យាបាលអ្នកឆ្លងជំងឺកូវីដ១៩ ជាសះស្បើយចំនួន២នាក់ ក្នុងចំណោមអ្នកឆ្លងនៅទូទាំងប្រទេសសរុបចំនួន២៧៣នាក់ ខណៈគ្មានអ្នកឆ្លងថ្មីនោះទេ។
អ្នកទាំងពីរដែលព្យាបាលជាសះស្បើយជាបុរសជនជាតិខ្មែរ បានធ្វើដំណើរតាមជើងហោះហើរមកពីប្រទេសរុស្ស៊ី និងបានបន្តជើងហោះហើរនៅប្រទេសម៉ាឡេស៊ី ហើយមកដល់កម្ពុជាកាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២០ និងម្នាក់ទៀតជាស្ត្រីជនជាតិកាហ្សាក់ស្តង់ ដែលបានធ្វើដំណើរមកពីប្រទេសកាហ្សាក់ បន្តធ្វើដំណើរទៅកូរ៉េខាងត្បូង និងបានមកដល់ប្រទេសកម្ពុជា កាលពីថ្ងៃទី៣ សីហា ឆ្នាំ២០២០ កន្លងមក។ អ្នកទាំង២នាក់នេះត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យហើយ។
រហូតមកដល់ពេលនេះបានព្យាបាលអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន២៥៣នាក់ (ក្នុងនោះស្ត្រី៥៣នាក់ និងបុរស២០០នាក់)។ អ្នកកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យរដ្ឋ និងឯកជនចំនួន២០នាក់ ក្នុងនោះមានមន្ទីរពេទ្យចាក់អង្រែរាជធានីភ្នំពេញ១៥នាក់(ស្ត្រី១នាក់ និងបុរស១៣នាក់)។ នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ ចំនួន២នាក់ ជាបុរស និងនៅមន្ទីរពេទ្យបង្អែកខេត្តត្បូងឃ្មុំ ៤នាក់ជាបុរស៕ ដោយ៖ ត្នោត