រដ្ឋាភិបាលថៃបានរាយការណ៍ថា ប្រទេសថៃមានករណីថ្មីនៃអ្នកឆ្លងមេរោគកូវីដ-១៩ ចំនួន៤នាក់បន្ថែមទៀត។ អ្នកឆ្លងទាំង ៤នាក់នោះសុទ្ធតែជាអ្នកវិលត្រឡប់មកពីប្រទេសឥណ្ឌា។
លោក Taweesilp Visanuyothin អ្នកនាំពាក្យមជ្ឈមណ្ឌលរដ្ឋបាលស្ថានភាពកូវីដ-១៩ បានមានប្រសាសន៍ថា ករណីថ្មីទី១ គឺជាមេផ្ទះដែលមានអាយុ ៣៩ឆ្នាំ។ នាងបានវិលត្រឡប់មកប្រទេសថៃវិញនៅថ្ងៃទី៤ ខែមិថុនា ហើយត្រូវបានគេដាក់ឱ្យនៅដាច់ដោយឡែកនៅមណ្ឌលមួយនៃខេត្ត Chon Buri ។ ការធ្វើតេស្តលើកទី១ របស់នាងគឺលទ្ធផលអវិជ្ជមាន ហើយការធ្វើតេស្តលើកទី២កាលពីថ្ងៃអង្គារបានបង្ហាញលទ្ធផលវិជ្ជមានកូវីដ-១៩។
៣នាក់ ទៀតជាអ្នកដែលបានវិលត្រឡប់មកវិញនៅថ្ងៃទី៥ ខែមិថុនា។ ពីរនាក់ជាកម្មករភេទប្រុសអាយុ ៣៧ និង ៥៣ឆ្នាំ និងម្នាក់ទៀតជាអ្នកម៉ាស្សាមានអាយុ ៤៤ឆ្នាំ។ ពួកគេត្រូវបានគេដាក់ឱ្យនៅខេត្ត Chon Buri ហើយបានធ្វើតេស្តវិជ្ជមានកាលពីថ្ងៃពុធ។ លោកវេជ្ជបណ្ឌិត Taweesilp បានបន្ថែមទៀតថា ប្រទេសឥណ្ឌាមានអ្នកឆ្លងច្រើនជាងគេនៅអាស៊ី (២៩៨២៨៣នាក់) និងជាប់ចំណាត់ថ្នាក់លេខ៤ ទូទាំងពិភពលោក។ មានប្រជាជនថៃចំនួន ៤៤៤៥នាក់ បានវិលត្រឡប់ពីប្រទេសឥណ្ឌា។
រូបតំណាង
បច្ចុប្បន្នប្រទេសថៃមានចំនួនអ្នកឆ្លងសរុប ៣១២១នាក់ ដែលក្នុងនោះមានអ្នកជំងឺ ២៩៨៧នាក់បានជាសះស្បើយឡើងវិញ និងមានអ្នកជំងឺ ៨៤នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យនៅឡើយ រីឯអ្នកស្លាប់នៅរក្សាចំនួន ៥៨នាក់ដដែល។ តាមរបាយការណ៍បានបញ្ជាក់ថា រយៈពេល ១៨ថ្ងៃមកនេះ ប្រទេសថៃមិនមានអ្នកជំងឺក្នុងស្រុកនោះទេ។ ទោះយ៉ាងណាក៏ដោយប្រជាជនមិនត្រូវធ្វេសប្រហែសឡើយ។ នៅលើពិភពលោក មានអ្នកឆ្លងមេរោគកូវីដ-១៩ ចំនួន ៧.៥៩ លាននាក់ និងមានអ្នកស្លាប់ចំនួន ៤២៣៨៤៤នាក់។ សហរដ្ឋអាមេរិកមានអ្នកឆ្លងច្រើនបំផុតចំនួន ២.០៩លាននាក់ និងមានអ្នកស្លាប់ច្រើនបំផុតចំនួន ១១៦០៣៤នាក់។
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ Bangkok Post