អ្នកជំងឺកូវីដ១៩នៅក្នុងប្រទេសកូរ៉េខាងត្បូងបានកើនឡើងរហូតដល់១២ ០០៣ នាក់ ខណៈរយៈពេល២៤ម៉ោង គេកត់ត្រាឃើញ៥៦ករណីវិជ្ជមាន ។
ទិន្នន័យប្រចាំថ្ងៃដែលបានកត់ត្រាក្នុងរយៈពេល១២ថ្ងៃកន្លងទៅនេះ មានការកើនឡើងរវាងចន្លោះពី៣០ករណី ដល់៦០ករណី ។ ក្នុងចំណោមអ្នកឆ្លងនៅកូរ៉េខាងត្បូងទាំងអស់ សរុប ១ ៣២៥ករណី មានប្រភពមកពីខាងក្រៅ ។ ក្នុងចំណោមអ្នកឆ្លងថ្មី ដែលរកឃើញទាំង៥៦ករណីនេះ មាន១៣ករណីនាំមកពីប្រភពខាងក្រៅ ។
ការឆ្លងក្នុងចង្កោមតូចៗនៅតែរកឃើញទាក់ទងទៅនឹងការប្រមូលផ្តុំជួបជុំខាងសាសនា, កីឡាពេលរាត្រ និងកីឡាតិន្នីសនៅលើតុ ក៏ដូចជាមជ្ឈមណ្ឌលចែកចាយ និងអ្នកលក់ផលិតផលសុខភាពនៅក្នុងទីក្រុង ។
អ្នកជំងឺម្នាក់ថែមទៀតបានបាត់បង់ជីវិត ធ្វើឲ្យប្រទេសនេះបាត់បង់ជីវិតសរុប ២៧៧ នាក់ ដោយសារកូវីដ១៩ ។ អត្រាបាត់បង់ជីវិតឈរនៅកម្រិត ២,៣១ ភាគរយ ។
អ្នកជំងឺសរុប១៥នាក់បន្ថែមទៀតបានចាកចេញពីមន្ទីរពេទ្យ ក្រោយពីជាសះស្បើយទាំងស្រុង ។ ប្រទេសនេះមានអ្នកជំងឺជាសះស្បើយសរុប ១០ ៦៦៩ នាក់ ឬ ៨៨,៩ ភាគរយ នៃអ្នកជំងឺសរុប ។
គួរបញ្ជាក់ថា គិតចាប់តាំងពីថ្ងៃទី៣ ខែមករា កូរ៉េខាងត្បូងបានធ្វើតេស្តវីរុសជាង ១,០៨ លាននាក់ ក្នុងចំណោមនោះ ១, ០៤៥ ២៤០ នាក់អវិជ្ជមាន ខណៈ ២៤ ២៤៤ នាក់កំពុងស្ថិតក្រោមការធ្វើតេស្ត ៕ ប្រែសម្រួលដោយ៖ thach yat