ភ្នំពេញ៖ រដូវវស្សាមកដល់ ភ្លៀងធ្លាក់ និងខ្យល់កន្ត្រាក់បានកើតឡើងជាបន្តបន្ទាប់ បណ្តាលឲ្យមានពេលខ្លះមានដួលរលំដើមឈើប៉ះពាល់ដល់ទ្រព្យសម្បត្តិប្រជាពលរដ្ឋ ឬអាចបង្កជាគ្រោះថ្នាក់ផងដែរ។
ជុំវិញបញ្ហាលនេះ ប្រជាពលរដ្ឋតែងមានការងឿងឆ្ងល់ថា ហេតុអ្វី ពេលប្រជាពលរដ្ឋបើកយានយន្តទៅបុក ឬប៉ះដើមឈើតាមដងផ្លូវ តែងមានការពិន័យ? ចំណែក ដើមឈើរលំដួលប៉ះពាល់ទ្រព្យសម្បត្តិប្រជាពលរដ្ឋវិញ ហេតុអ្វីមិនជាសំណង ? ទាក់ទិនក្នុងរឿងនេះ លោក ម៉េត មាសភក្តី អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានពន្យល់ថា រាល់ការដែលបងប្អូនប្រជាពលរដ្ឋបើកបរបង្កឲ្យមាន ប៉ះពាល់ដល់ទ្រព្យសម្បត្តិសាធារណៈ នោះបងប្អូនប្រជាពលរដ្ឋត្រូវតែ ទទួលខុសត្រូវក្នុងការសងទៅតាមទំហំ ប្រភេទខូចខាតនោះ ព្រោះជាឧបទ្ទវហេតុបង្កឡើងដោយប្រជាពលរដ្ឋខ្លួនឯង ប៉ុន្តែ បើដើមឈើរលំដួលប៉ះទៅលើទ្រព្យសម្បត្តិប្រជាពលរដ្ឋវិញ រដ្ឋមិនទទួលខុសត្រូវក្នងការសងឡើយ ព្រោះនោះគឺកើតឡើងដោយសារធម្មជាតិ គ្មាននរណាទៅបញ្ជាលើធម្មជាតិឡើយ។
អ្នកនាំពាក្យសាលារាជធានីភ្នំពេញ ក៏បានបញ្ជាក់ផងដែរថា នៅប្រទេសមួយចំនួន ដែលមានការសងនៅពេលមានយាន្តយន្ត រងគ្រោះដោយសារឧបទ្ទវហេតុធម្មជាតិនោះ គឺសងតាមក្រុមហ៊ុនធានារ៉ាប់រង មិនមែនរដ្ឋអំណាចណាមួយមកសងជំនួសឡើយ សូមបងប្អូនកុំយល់ច្រឡំ៕ ដោយ៖ ប៊ុនធឿន