ភ្នំពេញ៖ នៅព្រឹកថ្ងៃទី ១២ មិថុនាឆ្នាំ ២០២០ នេះ សមត្ថកិច្ចអគ្គនាយកដ្ឋានកាំកុងត្រូល ដោយមានការសម្របសម្រួលពីព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ និងសមត្ថកិច្ចមូលដ្ឋាន បានបន្តចុះឆែកឆេរឃ្លាំងមួយដែលគេសង្ស័យថាជាទីតាំងសិប្បកម្មផលិតស្រាថ្នាំ «តាំងគួយ» ក្លែងក្លាយ ដែលស្ថិតនៅភូមិបាក់ខែងលើ ក្នុងសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ ។
សូមបញ្ជាក់ផងដែរថាកាលពីថ្ងៃ ០៩ ខែមិថុនា ឆ្នាំ២០២០ មានករណីផឹកស្រាថ្នាំ កែរោគសំរួសសសៃ និងក្រពះពោះវៀន ជាអកុសល ស្រាមានជាតិពុលបានបណ្តាឲ្យអ្នកផឹកស្លាប់ចំនួន៣នាក់ និង ១១នាក់ទៀតពុលចូលពេទ្យ ខណៈមកទល់នឹងពេលនេះ ចំនួនអ្នកស្លាប់កើនដល់ ៦នាក់ហើយ។
ក្នុងប្រតិបត្តិការខាងលើនេះសមត្ថកិច្ចបានរកឃើញសំបកដបជ័រដែលគេច្រកស្រាថ្នាំហើយត្រូវគេចាក់ស្រាចោល ហើយច្រកក្នុងបាវ និងថង់ខ្មៅធំចំនួន ៤បាវ និង ៦ថង់ខ្មៅធំ និងធុងលាយស្រាចំនួន ១ ត្រូវបានគេយកទៅបោះចោលបំបាត់ភស្តុតាង នៅក្នុងដីឡូតិ៍មួយកន្លែងក្បែរផ្លូវជាតិលេខ ៦ ខណៈសមត្ថកិច្ចកំពុងឡោមព័ទ្ធទីតាំងផលិតស្រាខាងលើ ៕ ដោយ សួងសាម