ភ្នំពេញ៖ ដោយសារស្ថានភាពរាតត្បាតកូវីដ ១៩ នៅកម្ពុជា មានលំនឹងល្អ និងវិធានការគ្រប់គ្រងក៏ម៉ត់ចត់ទទួលស្គាល់ដោយអង្គការសុខភាពពិភពលោកផងនោះ បានក្លាយជាកត្តាស្នូលក្នុងការជំរុញវិស័យទេសចរណ៍កម្ពុជាឲ្យរស់ឡើងវិញ តាមរយៈការវិលទៅរកដំណើរទេសចរណ៍របស់ពលរដ្ឋខ្មែរតាមបណ្តាខេត្ត ក៏ដូចជាវត្តមានភ្ញៀវទេសចរបរទេសចូលមកកម្ពុជាវិញជាបន្តបន្ទាប់ផងដែរ។
យ៉ាងណា វត្តមានរបស់ទេសចរបរទេស បានធ្វើឲ្យពលរដ្ឋជាច្រើនមានក្តីបារម្ភខ្លាំង ពីហានិភ័យឆ្លងរាតត្បាតជំងឺកូវីដ ១៩ ជាហេតុមន្ត្រីជាន់ខ្ពស់សុខាភិបាល បានចេញមុខបញ្ជាក់ម្តងហើយម្តងទៀត ពីការអនុវត្តចក្តាឡីស័កយ៉ាងតឹងរឹងគ្រប់ពលរដ្ឋខ្មែរ និងភ្ញៀវបរទេសដែលទើបវិលត្រឡប់ចូលមកកម្ពុជា។
គិតត្រឹមតួលេខប្រកាសដោយតំណាងក្រសួងសុខាភិបាល ក្នុងសន្និសីទសារព័ត៌មានមួយកាលសប្តាហ៍មុន ចំនួនភ្ញៀវបរទេសចូលមកកម្ពុជាតាមជើងហោះហើរ មួយរយៈចុងក្រោយនេះ មានការកើនឡើងរាប់ពាន់នាក់ នាំឲ្យការធ្វើតេស្តសំណាករកមេរោគកូវីដ ១៩ ក៏កើនឡើងគួរឲ្យកត់សម្គាល់ ប៉ុន្តែជាច្រើនថ្ងៃមកនេះ មិនមានរកឃើញករណីឆ្លងថ្មីនោះឡើយ។
២៤ម៉ោងប៉ុណ្ណោះ ពីព្រឹកថ្ងៃព្រហស្បត្តិ៍ ដល់ព្រឹកថ្ងៃសុក្រនេះ កម្ពុជាបានធ្វើតេស្តសំណាកសរុបដល់ទៅ ៩៥៦នាក់ នាំឲ្យចំនួនអ្នកធ្វើតេស្ត គិតចាប់ពីខែមករាមក សរុបកើនដល់ ២៥ ៨៨៤នាក់ ក្នុងនោះរកឃើញអ្នកផ្ទុកកូវីដសុរប ១២៦នាក់ ប៉ុន្តែជាសះស្បើយ ១២៥នាក់ សល់តែម្នាក់ប៉ុណ្ណោះកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។
ដោយឡែក ដោយសារចំនួនបរទេសចូលកម្ពុជាកាន់តែច្រើនឡើងវិញ នាំឲ្យរដ្ឋាភិបាលសម្រេចចាត់វិធានការថ្មី ដោយតម្រូវឲ្យភ្ញៀវបរទេសទាំងអស់ ត្រូវមានលិខិតបញ្ជាក់សុខភាព មានធានារ៉ាប់រង ចេញថ្លៃសេវាផ្សេងៗជាច្រើនទៀត រាប់ទាំងការធ្វើតេស្ត ការស្នាក់នៅដាច់ដោយឡែក ១៤ថ្ងៃក្នុងសណ្ឋគារ សេវាក្រុមគ្រូពេទ្យតាមដានសុខភាព ពិសេសបើករណីស្លាប់នៅកម្ពុជា ក៏ត្រូវចំណាយ ១៥០០ដុល្លារ ជាថ្លៃបូជាទៀតផង។
ទោះជាយ៉ាងណា ក្រសួងសុខាភិបាល នៅតែអំពាវនាវឲ្យពលរដ្ឋបន្តប្រុងប្រយ័ត្នខ្ពស់ពីរលកទី ២ នៃជំងឺរាតត្បាតកូវីដ ១៩ ដែលអាចកើតមានគ្រប់ពេល៕ ដោយ៖ ត្នោត