រាជធានីភ្នំពេញ ៖ នៅក្នុងថ្ងៃឈប់សម្រាកគេឃើញសង្កេតឃើញនៅតាមដងផ្លូវមួយចំនួនក្នុងរាជធានីភ្នំពេញ គេឃើញសំរាមបានគរនៅរាយប៉ាយតាមដងផ្លូវ ជះក្លិនស្អុយនៅមុខផ្ទះប្រជាពលរដ្ឋ បង្កអោយមានការប៉ះពាលដល់បរិស្ថាន និងសោភណ្ឌភាពទីក្រុងយ៉ាងខ្លាំង។
ជាក់ស្តែង នៅព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២០ នៅតាមដងផ្លូ បេតុង មុខវិហារអ៊ិស្លាម នៅក្នុងភូមិត្រពាំងពោធិ៍ និងផ្លូវបេតុងក្នុងភូមិចាក់ជ្រុក ក្នុងខណ្ឌពោធិ៍សែនជ័យ ទាំងផ្លូវនានាមុខវត្តក្រាំងធ្នង់ ខណ្ឌសែនសុខ ជាដើមសុទ្ធតែគំនរសំរាម ។ តាមសំដីប្រជាពលរដ្ឋ ដែលរស់នៅទីនោះបានអោយដឹងថា រយៈពេលប្រមាណជិត១សប្តាហ៍មកហើយ មិនឃើញភ្នាក់ងារប្រមូលសំរាមក្រុមហ៊ុន ស៊ិន ទ្រី ក៏ដូចជាអាជ្ញាធរសង្កាត់ មកប្រមូលសំរាមនោះទេ ទុកអោយសំរាមគរសឹងក្លាយជាកូនភ្នំទៅហើយ ។
ប្រជាពលរដ្ឋក៏បានអោយដឹងទៀតថា ទោះបីជាយ៉ាងណា គាត់នៅតែបង់ប្រាក់ថ្លៃសេវា ប្រមូលសំរាម បើភ្លេចបង់តែ១មួយខែ ពេលទៅបង់ត្រូវពិន័យគុណនឹង២ ។ ទន្ទឹមនឹងការប្រមូលសំរាមមិនបានដិតដល់ រដ្ឋបាលរាជធានីភ្នំពេញក៏បានចេញសេចក្តីជូនដំណឹងដល់បងប្អូន ប្រជាពលរដ្ឋ ដែលជាម្ចាស់អាជីវរម្ម សេវាកម្ម និងស្ថានប័នឯកជន ដែលពុំទាន់បានបង់ថ្លៃសេវា ប្រមូលសំរាម និងសំណល់រឹង សូមរួសរាន់មកបង់ថ្លៃសេវាប្រមូលសំរាមអោយបានទាន់ពេលវេលា បើពុំដូច្នេះទេ រដ្ឋបាលរាជធានីភ្នំពេញនឹងអនុវត្តវិធានការដូចខាងក្រោម ៖
១-បញ្ចេញឈ្មោះអ្នកមិនទាន់បានបង់ថ្លៃសេវា ប្រមូលសំរាម និងសំណល់រឹង ជាសារធារណៈតាមបណ្តាញសង្គម ឬតាមប្រព័ន្ធផ្សព្វផ្សាយ នានា ,
២.កត់ត្រាជាបំណុលហើយ អនុវត្តវិធានការរដ្ឋបាលដោយបិទអាជីវកម្ម ឬសេវាកម្ម ជាបណ្តោះអាសន្ន,
និង៣.អនុវត្តវិធានការផ្សេងៗទៀតតាមការចាំបាច់។
បញ្ហាសំរាមនេះ កន្លងមកត្រូវគេដឹងថា មានក្រុមហ៊ុនចំនួន៣ ដេញថ្លៃ វិនិយោគរួច ហើយតែមិនទាន់ដំណើរការនៅឡើយ ៕ ដោយ៖ ត្នោត