យោងតាមទិន្នន័យផ្សាយ នៅលើគេហទំព័រលទ្ធកម្មរបស់រដ្ឋាភិបាល កាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០ បានឲ្យដឹងថា ឧទ្ធម្ភាគចក្រ ប្រភេទ Kamov Ka-52M ត្រូវបានកែលម្អឡើងវិញូឲ្យក្លាយទៅជាឧទ្ធម្ភាគចក្រប្រយុទ្ធ ដោយអាចបំពាក់ជាមួយនឹងមីស៊ីល រយ:ចម្ងាយឆ្ងាយប្រភេទថ្មី អាចបាញ់ចម្ងាយ១០០គីឡូម៉ែត្រ ហើយនឹងត្រូវដាក់ឲ្យសាកល្បង នៅខែតុលា ឆ្នាំ២០២២។
ប្រភពព័ត៌មានដដែល បានបន្ដថា ពេលវេលាកំណត់សម្រាប់ការងារ នឹងចាប់ផ្ដើម នៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២០ ហើយការងារនេះនឹងបញ្ចប់នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២។ នៅក្នុងអំឡុងការកែលម្អនេះ ឧទ្ធម្ភាគចក្រ Ka-52 នឹងត្រូវបំពាក់មីស៊ីល រយ:ចម្ងាយឆ្ងាយប្រភេទថ្មី មានលេខកូដ «៣០៥» និងជាមួយប្រភេទ Mi-28NM ។ រីឯសម្ភារលទ្ធកម្មរបស់រដ្ឋាភិបាល បង្ហាញថា ក្រោយការកែលម្អរួច ឧទ្ធម្ភាចក្រប្រភេទនេះ នឹងបំពាក់មីស៊ីលដ៏ទំនើប សម្រាប់បាញ់ប្រហាររនៅលើអាកាស និងមានបំពាក់ប្រព័ន្ធបញ្ជាពាក់ព័ន្ធនឹងមីស៊ីលផងដែរ។
ប្រភពព័ត៌មានដដែល បានបន្ដថា ឧទ្ធម្ភាគចក្រប្រភេទខាងលើនេះ ក៏នឹងត្រូវបំពាក់ប្រព័ន្ធផ្លាស់ប្ដូរទិន្នន័យ ប្រព័ន្ធផ្កាយរណបតាមដាននាវាចរណ៍ និងឧបករណ៍ដទៃទៀត។ ក្រោយកែលម្អរួចរាល់ហើយ ក៏នឹងចាប់ផ្ដើមហោះហើរសាកល្បង នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១ មុននឹងដាក់ឲ្យកងទ័ពប្រើប្រាស់៕ កែសម្រួលដោយ Nuon