អភិបាលខេត្តប៉ៃលិន ចុះផ្សព្វផ្សាយដល់អាជីវកម្មលើវិស័យទេសចរណ៍ ដើម្បីទប់ស្កាត់កូវីដ ១៩
ខេត្តប៉ៃលិន ៖ ក្នុងឱកាសថ្ងៃឈប់សម្រាកសងបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២០នេះ លោក ផាន់ ចាន់ធុល អភិបាលខេត្ត អមដំណើរដោយលោក ចេង ញ៉ាន់ អភិបាលរងខេត្ត បានដឹកនាំមន្ត្រីជំនាញចុះធ្វើការផ្សព្វផ្សាយដល់ម្ចាស់អាជីវកម្មលើវិស័យទេសចរណ៍ទាំងអស់ក្នុងខេត្តស្តីពី «វិធានសុវត្ថិភាពទេសចរណ៍សម្រាប់សេវាកម្មស្នាក់នៅ សេវាកម្មភោជនីយដ្ឋាន និងអាហារដ្ឋានទេសចរណ៍» ក្នុងគោលបំណង រួមគ្នាអនុវត្តន៍នូវវិធានការយ៉ាងខ្ជាប់ខ្ជួនបំផុត តាមសេចក្តីណែនាំរបស់រាជរដ្ឋាភិបាលក្រសួងសុខាភិបាល ក៏ដូចជាក្រសួងទេសចរណ៍។
លោក ផាន់ ចាន់ធុល អភិបាលខេត្ត បានមានប្រសាសន៍ឱ្យដឹងថា ៖ ដើម្បីជួយដល់អាជីវកម្ម ក៏ដូចជា បុគ្គលិក វិនិយោជិតនៅក្នុងវិស័យទេសចរណ៍ ដែលរងគ្រោះ ដោយសារវិបត្តិកូវីដ-១៩ រាជរដ្ឋាភិបាលកម្ពុជា ក៏បានដាក់ចេញនូវវិធានការជាបន្ដបន្ទាប់ ដូចជា៖ ការបន្ធូរបន្ថយផ្នែកពន្ធសម្រាប់ម្ចាស់អាជីវកម្ម និងការផ្ដល់ប្រាក់ឧបត្ថម្ភសម្រាប់បុគ្គលិក និយោជិត ព្រមទាំងប្រកាសចំណាយថវិកាប្រមាណ២៥លានដុល្លារអាមេរិក ក្នុងមួយខែ សម្រាប់ជួយឧបត្ថម្ភដល់ពលរដ្ឋក្រីក្រដែលរងផលប៉ះពាល់សេដ្ឋកិច្ចគ្រួសារ ព្រោះតែកូវីដ-១៩។
លោកអភិបាលខេត្ត ក៏បានកោតសរសើរដល់មន្ទីរទេសចរណ៍ខេត្តប៉ៃលិន ដែលបានខិតខំប្រឹងប្រែង និងយកចិត្តទុកដាក់ជាមួយអាជ្ញាធរពាក់ព័ន្ធចុះ ផ្សព្វផ្សាយ និងចាត់វិធានការទាន់ពេលវេលា ដល់ម្ចាស់អាជីវកម្មលើវិស័យទេសចរណ៍នេះ ដើម្បីអនុវត្តន៍នូវវិធានសុវត្ថិភាព ក្នុងការទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩ ចូលទៅក្នុងសហគមន៍របស់យើងផងដែរ៕ ដោយ៖ ត្នោត