ក្នុងកំឡុងពេលថ្ងៃឈប់សម្រាកសងបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២០នេះ លោក ផាន់ ចាន់ធុល អភិបាលខេត្ត អមដំណើរដោយលោក ចេង ញ៉ាន់ អភិបាលរងខេត្តបានដឹកនាំមន្ត្រីជំនាញចុះធ្វើការផ្សព្វផ្សាយដល់ម្ចាស់អាជីវកម្មលើវិស័យទេសចរណ៍ទាំងអស់ក្នុងខេត្តស្តីពី «វិធានសុវត្ថិភាពទេសចរណ៍សម្រាប់សេវាកម្មស្នាក់នៅ សេវាកម្មភោជនីយដ្ឋាន និងអាហារដ្ឋានទេសចរណ៍» គោលបំណង រួមគ្នាអនុវត្តន៍នូវវិធានការយ៉ាងខ្ជាប់ខ្ជួនបំផុត តាមសេចក្តីណែនាំរបស់រាជរដ្ឋាភិបាលក្រសួងសុខាភិបាល ក៏ដូចជាក្រសួងទេសចរណ៍។
លោក ផាន់ ចាន់ធុល អភិបាលខេត្ត បានមានប្រសាសន៍ឱ្យដឹងថា ៖ កន្លងមកនេះ ដើម្បីជួយដល់អាជីវកម្ម ក៏ដូចជា បុគ្គលិក វិនិយោជិតនៅក្នុងវិស័យទេសចរណ៍ ដែលរងគ្រោះ ដោយសារវិបត្តិកូវីដ-១៩ រាជរដ្ឋាភិបាលកម្ពុជា ក៏បានដាក់ចេញនូវវិធានការជាបន្ដបន្ទាប់ ដូចជា៖ ការបន្ធូរបន្ថយផ្នែកពន្ធសម្រាប់ម្ចាស់អាជីវកម្ម និងការផ្ដល់ប្រាក់ឧបត្ថម្ភសម្រាប់បុគ្គលិក និយោជិត ព្រមទាំងប្រកាសចំណាយថវិកាប្រមាណ២៥លានដុល្លារអាមេរិក ក្នុងមួយខែ សម្រាប់ជួយឧបត្ថម្ភដល់ពលរដ្ឋក្រីក្រដែលរងផលប៉ះពាល់សេដ្ឋកិច្ចគ្រួសារ ព្រោះតែកូវីដ-១៩ ផងដែរ។
លោកអភិបាលខេត្ត ក៏បានកោតសរសើរដល់មន្ទីរទេសចរណ៍ខេត្តប៉ៃលិន ដែលកន្លងមកបានខិតខំប្រឹងប្រែង និងយកចិត្តទុកដាក់ជាមួយអាជ្ញាធរពាក់ព័ន្ធចុះ ផ្សព្វផ្សាយ គោលការណ៍ ក៏ដូចជាវិធានការនានា ដល់ម្ចាស់អាជីវកម្មលើវិស័យទេសចរណ៍នេះ ដើម្បីអនុវត្តន៍នូវវិធានសុវត្ថិភាពឲ្យបានខ្ជាប់ខ្ជួន ក្នុងការទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩ ចូលទៅក្នុងសហគមន៍របស់យើង។
លោក ផាន់ ចាន់ធុល អភិបាលខេត្ត បានសំណូមពរដល់ម្ចាស់អាជីវកម្មសេវាកម្មទេសចរណ៍ក្នុងខេត្តទាំងអស់ ចូលរួមអនុវត្តឲ្យបានជាប់ជាប្រចាំនូវវិធានទាំងឡាយ ដែលបានដាក់ចេញដោយក្រសួងសុខាភិបាល ទៅលើបញ្ហាអនាម័យភ្ញៀវ ត្រូវប្រើប្រាស់ម៉ាស់ ឬក្រម៉ាឱ្យបានជាប្រចាំត្រូវរៀបចំអោយមានការបាញ់អាកុល ឬជែលសំលាប់មេរោគមុន និងចូលជាប្រចាំត្រូវបញ្ជៀសការជួបជុំជាក្រុមធំៗ និងត្រូវរក្សាគម្លាតសុវត្ថិភាពយ៉ាងតិច ១.៥០ម៉ែត្រពីគ្នា ។ ជាពិសេសត្រូវវាស់កម្តៅគ្រប់ភ្ញៀវទេសចរទាំងអស់ ដើម្បីជៀសផុតពីការឆ្លង និងត្រូវពង្រឹងសុវត្ថិភាពមូលដ្ឋានអាជីវកម្មរបស់ខ្លួន។
បើតាមរបាយការណ៍របស់ លោក លឹម វាសនា ប្រធានមន្ទីរទេសចេណ៍ខេត្តប៉ៃលិន បានឱ្យដឹងថា៖ បច្ចុប្បន្នខេត្តប៉ៃលិន មានរម្មណីយដ្ឋានទេសចរណ៍ចំនួន៥កន្លែង ភោជនីយដ្ឋាន/អាហារដ្ឋានចំនួន៩៨កន្លែង សណ្ឋាគារចំនួន១០កន្លែង និងផ្ទះសំណាក់ចំនួន២៦កន្លែង សរុបមានចំនួន១០៦២បន្ទប់ ម៉ាស្សាចំនួន១៦កន្លែង, កីឡាទេសចរណ៍ចំនួន១៨កន្លែង, ឌីស្កូតែក ចំនួន ១ និងខារ៉ាអូខេ ចំនួន៧កន្លែងផងដែរ ៕ផ្តល់សិទ្ធដោយ៖កោះសន្តិភាព