Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ប្រវត្តិប្រាសាទឯក​ភ្នំ​

ប្រាសាទវត្តឯកភ្នំមានទីតាំងស្ថិតនៅក្នុងភូមិគម ឃុំពាមឯក ចំងាយ៧គីឡូម៉ែត្រ បែកចេញពីផ្លូវខេត្តលេខ១៥៦ ត្រង់ភូមិថ្កូវ ឃុំក្តុលដូនទាវ ស្រុកភ្នំឯក ខេត្តបាត់ដំបង និងមានចំងាយ១៤គីឡូម៉ែត្រពីទីរួមខេត្តបាត់ដំបង។ ប្រាសាទនេះស្ថាបនាឡើងនៅសតវត្សទី១១ក្នុងឆ្នាំ១០២៧ ក្នុងរជ្ជកាលព្រះបាទសូរ្យវរ្ម័នទី១ (១០០២ – ១០៥០) នាសម័យមហានគរ ដើម្បីឧទិ្ទសថ្វាយចំពោះអាទិទេពនៃព្រហ្មញ្ញសាសនា។

ប្រាសាទដ៏ចំណាស់នេះមានរាងបួនជ្រុង ធើ្វពីថ្មភក់បែរមុខទៅទិសខាងកើតសង់លើខឿនមួយមានពីរថ្នាក់ មានថែវព័ទ្ធជុំវិញតួប៉ម នៃប្រាសាទនិងកំពែងធ្វើពីថ្មបាយកៀ្រម ហើយនៅទីនោះមានគូទឹកព័ទ្ធជុំវិញទៀតផង។ នៅទីនោះមានដើមពោធិ៍១៨ដើម ដុះព័ទ្ធជុំវិញប្រាសាទ បង្កើតអោយមានជាម្លប់យ៉ាងត្រឈឹងត្រឈៃ និងខ្យល់ត្រជាក់បរិសុទ្ធ។ នៅខាងត្បូងប្រាសាទនៅសល់គូទឹក ដែលបច្ចុប្បន្នបានក្លាយទៅជាស្រះទឹកសំរាប់ព្រះសង្ឃប្រើប្រាស់។

សងេ្កតឃើញមានក្បាច់ចម្លាក់ជាច្រើនមានភាពរស់រវើកគួរឲ្យចង់ទស្សនា នៅសេសសល់តាមផែ្នកមួយចំនួនដែលឆ្លុះបញ្ចាំងពីជំនឿ ក្នុងលទ្ធិព្រហ្មញ្ញសាសនាយ៉ាងជ្រាលជ្រៅទៀតផង។ ចម្លាក់ទាំងនោះរួមមានព្រះឥសូរកំពុងអង្គុយលើយានជំនិះគោនន្ទិនជាមួយមហេសី ព្រះវិស្ណុ ព្រះឥន្រ្ទអង្គុយលើដំរីរឿងកូរសមុទ្រទឹកដោះដែលបង្អាញពីតួអង្គជាច្រើនក្រុមមានទេវតា យក្សទាញពស់ នាគដណើ្តមយកទឹកអម្រឹតទៅផឹកដើម្បីបានជីវិតអមតៈ លែងជួបនឹងទុក្ខព្រួយ កើតចាស់ឈឺស្លាប់ ទៀតហើយ។

ចំណេរកាលក្រោយមកព្រះមហាក្សត្រនាម៉ឺនសព្វមុខមន្រ្តី និង ប្រជារាស្រ្តងាកមកគោរពចំពោះព្រះពុទ្ធសាសនាហើយកេរដំណែលក្នុងលទ្ធិទេវរាជ មួយចំនួនត្រូវបោះចោលលែងមានអ្នកចាប់អារម្មណ៍ដែលជាហេតុនាំឲ្យខូចខាតប្រេះស្រាំដោយសារធម្មជាតិ ជនទុច្ចរិត និងសង្រ្គាមជាបន្តបន្ទាប់។ ចំណែកនៅបរិវេណប្រាសាទវត្តឯកភ្នំនោះត្រូវបានអាជ្ញាធរ និងអ្នកស្រុកស្រុះស្រួលគ្នាកសាងសំណង់វត្តអារាម ព្រះវិហារសម្រាប់ព្រះសង្ឃគង់នៅឈ្មោះថា “វត្តឯក” ហើយអ្នកស្រុកជិតឆ្ងាយក៏បាននាំគ្នាទៅធ្វើបុណ្យសន្សំកុសលជាហូរហែ។

ដោយសារតែនៅកែ្បរប្រាសាទនោះមានសំណង់វត្តអារាមបែបនេះហើយ ទើបប្រាសាទនេះហៅថា “ប្រាសាទវត្តឯកភ្នំ” ។វត្តនេះស្ថិតនៅប្រហែលប្រាំបីគីឡូម៉ែត្រទៅភាគខាងជើងនៃក្រុងបាត់ដំបង។ បើជិះពីក្រុងតាមមាត់ស្ទឹងសង្កែងាយជាងផ្លូវលំមួយទៀតដែលមានសភាពមិនល្អ។​ បើជិះតាមផ្លូវលំអាចមកដល់បឹងមួយធំចម្ងាយប្រហែល២០០មពីប្រាសាទ។ បឹងនោះមានបណ្តោយប្រវែង៤០០ម(កើតលិច)និងទទឹង២០០ម(ជើងត្បូង)។ស្ថានភាពនៃប្រាសាទនេះទ្រុឌទ្រោមខ្លាំងណាស់​។​ សព្វថ្ងៃមានការថែរក្សាទល់ទ្រច្រើននៅផ្នែកដែលស្ទើរតែរលំ។

from: https://tnaot.com/km/m/detail/article/9366496