បុរសជនជាតិរុស្ស៊ីម្នាក់និងបុរសជនជាតិថៃ ២នាក់ត្រូវបានចោទប្រកាន់ពីបទរត់ពន្ធគ្រឿងញៀនបន្ទាប់ពីកញ្ឆាចំនួន ២៩៦កញ្ចប់ត្រូវបានរឹបអូសចេញពីឡានដឹកទំនិញរបស់ពួកគេនៅក្នុងខេត្ត Maha Sarakham ក្នុងអំឡុងពេលបម្រាមគោចរ។ ប្រធានការិយាល័យអន្តោប្រវេសន៍លោកឧត្តមសេនីយ៍ Sompong Chingduang បានប្រកាសចាប់ខ្លួនជនសង្ស័យទាក់ទងនឹងគ្រឿងញៀនទាំង ៣នាក់កាលពីថ្ងៃព្រហស្បតិ៍។
លោកឧត្តមសេនីយ៍ Sompong Chingduang បានថ្លែងថា ជនសង្ស័យទាំងនោះមានដូចជាលោក Kirill អាយុ ២២ឆ្នាំ ជនជាតិរុស្ស៊ី និងជនជាតិថៃពីរនាក់ទៀតដែលម្នាក់ឈ្មោះ Kritsda អាយុ ២៧ឆ្នាំ និងម្នាក់ទៀតឈ្មោះ Surachart អាយុ ៤១ ឆ្នាំត្រូវបានចោទប្រកាន់ពីបទរួមដៃគ្នារត់ពន្ធគ្រឿងញៀន និងរំលោភលើក្រឹត្យគ្រាអាសន្ននិងបម្រាមគោចរពេលយប់របស់ប្រទេសថៃ។ ប៉ូលិសអន្តោប្រវេសន៍បាននិយាយថាជនជាតិថៃទាំងពីរនាក់ត្រូវបានចាប់ខ្លួននៅថ្ងៃទី៩ ខែឧសភាជាមួយថ្នាំញៀននៅក្នុងឡានដឹកទំនិញរបស់ពួកគេ។ ជនល្មើសឈ្មោះ Surachart បានរត់គេចខ្លួន ប៉ុន្តែលោកបានប្រគល់ខ្លួនឱ្យប៉ូលិសវិញនៅថ្ងៃទី២២ ខែឧសភា។
រូបតំណាង
ប៉ូលិសអន្តោប្រវេសន៍បានទទួលព័ត៌មានថា ជនសង្ស័យជនជាតិរុស្ស៊ីតែងតែធ្វើដំណើរទៅខេត្តជាប់ព្រំដែនតាមដងទន្លេមេគង្គ។ ក្នុងរយៈពេល ៣ឆ្នាំ បុរសនេះបានចូលប្រទេសថៃចំនួន ១៧ដង។ មន្ត្រីការិយាល័យអន្តោប្រវេសន៍បាននិយាយថាការចូលលើកដំបូងរបស់គាត់គឺនៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ ២០១៧ ហើយការចូលលើកចុងក្រោយគឺនៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០។ កាលពីថ្ងៃទី៩ ខែឧសភា ក្រុមជនល្មើសទាំងបីនាក់បានរត់ពន្ធគ្រឿងញៀនខុសច្បាប់ចូលទៅខេត្ត Maha Sarakham។ ជនល្មើសមិនព្រមឈប់ឡានឱ្យប៉ូលិសត្រួតពិនិត្យតាមដងផ្លូវឡើយ ទើបប៉ូលិសស្ទាក់ឡានហើយបានឆែកឆេរឃើញកញ្ឆាចំនួន ២៩៦កញ្ចប់នៅក្នុងប្រអប់ចំនួន៩ ។
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ Bangkok Post