ខេត្តក្រចេះ ៖ ភ្នំសុពណ៌កាឡី ជាភ្នំធម្មជាតិមួយដែលមានតម្លៃប្រវត្តិសាស្ត្រ និងមានតម្លៃផ្នែកសោភ័ណភាព ធម្មជាតិ ។ ថ្មភ្នំសុពណ៌កាឡីគឺ ជាប្រភេទថ្មភក់ (ទាមទារការបញ្ជាក់ពីអ្នកជំនាញខ្មែរផ្នែកភូគព្ភសាស្ត្រ) ។ ក្រៅពីថ្មភ្នំ មានវត្តមានសត្វ និងរុក្ខជាតិនានារស់នៅ និងដុះលូតលាស់ ។ នេះបើយោងតាមផេកក្រសួងបរិស្ថានបានចេញផ្សាយនាថ្ងៃទី១៧ ខែសីហានេះ ។
តម្លៃវប្បធម៌នៃភ្នំនេះ គឺពាក់ព័ន្ធនឹងផ្នែកជំនឿ និងសាសនា ។ នៅលើភ្នំ មានរូបសំណាកលោកតា «ជំពូធរ» (តំណាងអ្នកគ្រប់គ្រងទិសទាំង៤) ដែលមានបារមីពូកែស័ក្តសិទ្ធិ ហើយប្រជាពលរដ្ឋកម្ពុជាតែងមកគោរព និងបន់ស្រន់សុំសុភមង្គលគ្រប់ប្រការ ។ នៅមិនឆ្ងាយពីរូបសំណាកលោកតាជំពូធរ មានដើមជ្រៃលៀប ឬដើមទិព្វធីតាច័ន្ទដែលនៅជិតនោះ មានរូងភ្នំ ១ ឈ្មោះថា រូងតាសាន់ (បារមី) ដែលមានរឿងដំណាលថា កាលពីព្រេងនាយ ប្រជាពលរដ្ឋតែងធ្លាប់ខ្ចីបានចានបញ្ចរុង្គពីបារមីនៃរូងនោះ ក្រោយពេលពួកគេបានបន់ស្រន់ ។
មានគេនិយាយថា នៅមុនឆ្នាំ១៩៨២ ធ្លាប់មានមនុស្សដើរចូលតាមរូងនោះទៅដល់ក្រោមបាតទន្លេ(មេគង្គ) ដែលស្ថិតនៅក្បែរភ្នំ ។ នៅលើភ្នំ មានឋានព្រះពុទ្ធ ទ្រង់បិណ្ឌបាតប្រោសសត្វលោក ។
ភ្នំសុពណ៌កាឡីមើលទៅរាងដូចសត្វក្រពើដេកក្រាបលើ ព្រះធរណី ។ តាមរឿងដំណាល សត្វក្រពើសុពណ៌កាឡី រស់នៅក្នុងត្រពាំង១ឈ្មោះថា ត្រពាំងឈូក(ខ្លះហៅ ត្រពាំងសុពណ៌កាឡី) ស្ថិតនៅជើងភ្នំ ។ សត្វក្រពើនេះ បានឮថា មានសត្វក្រពើ ល្បី១ក្បាលឈ្មោះក្រពើអធន នឹងធ្វើដំណើរឆ្លងកាត់ទឹកដីរបស់វា ។ ក្រពើសុពណ៌កាឡី ក៏បានស្ទាក់ផ្លូវ ដើម្បីប្រកួតគ្នា ។ មុនពេល ប្រកួតក្រពើអធនបានលេបលោកគ្រូរបស់វាចូលក្នុងពោះ រួចបានប្រកួតឈ្នះ ហើយក្រពើសុពណ៌កាឡីបានស្លាប់ និងក្លាយទៅជាភ្នំសុពណ៌កាឡី ។
ចំណែកត្រពាំងឈូកមានជម្រៅប្រមាណ ៣ម៉ែត្រ បណ្តោយ ៣០០ម៉ែត្រ និងទទឹង១០០ម៉ែត្រ បច្ចុប្បន្នរីងរាក់ ។ បើថែរក្សា និងស្តារឱ្យបានល្អអាចក្លាយទៅជាកន្លែងអុំទូកប្រណាំងជារៀងរាល់ឆ្នាំ ។
ភ្នំសុពណ៌កាឡី ស្ថិតនៅខេត្តក្រចេះ ។ ធ្វើដំណើរពីក្រុងក្រចេះប្រមាណ៩០នាទី តាមរថយន្ត និងឆ្លងកាណូត ៕ ផ្តល់សិទ្ធដោយ៖កោះសន្តិភាព