បន្ទាយមានជ័យ៖ ចាប់ពីថ្ងៃទី ៧ ដល់ ១១ មិថុនា ២០២០ នៅខេត្តបន្ទាយមានជ័យមានករណីពុលស្រាសរុបចំនួន ២៧នាក់ ក្នុងនោះបានស្លាប់ ៦នាក់។ នេះបើតាមការជូនដំណឹងរបស់នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង (CDC) នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០។
ករណីពុលស្រានេះ បានកើតឡើងក្នុងស្រុកម៉ាឡៃ ចំនួន ៤កន្លែង និងក្រុងប៉ោយប៉ែតចំនួន ៣កន្លែង ដែលបណ្តាលមកពីស្រាថ្នាំមិនមានប្រភពច្បាស់លាស់។
ចំពោះអ្នកពុលស្រាចំនួន ២៧នាក់ មានស្រី ១នាក់ ក្នុងនោះបានស្លាប់ ៦នាក់ ចំណែក ២១នាក់ ត្រូវបានជួយសង្គ្រោះទាន់ពេលវេលា។
តាមប្រភពដដែលបានបញ្ជាក់ទៀតថា ស្រានៅតែជាមូលហេតុសំខាន់ ក្នុងចំណោមពុលអាហារជាច្រើន ដែលប្រជាពលរដ្ឋកំពុងតែប្រឈមនឹងការឈឺ និងស្លាប់ ទោះជាយ៉ាងណាក្រសួងសុខាភិបាលនៅតែប្រឹងប្រែង សហការជាមួយក្រសួងពាក់ពន្ធ័ ដើម្បីរៀបចំស្ពតផ្សព្វផ្សាយ អប់រំប្រជាពលរដ្ឋអោយយល់ដឹងពីហានិភ័យដែលបណ្តាលមកពីការទទួលទានស្រា។
ករណីនេះ រដ្ឋបាលខេត្តបន្ទាយមានជ័យ បានអំពាវនាវដល់អាជីវករ ឈប់ការលក់ប្រភេទស្រាថ្នាំឈ្មោះ «ស្រាថ្នាំចិនសែ តាំងគួយ» នៅគ្រប់បណ្តាលទីផ្សារទាំងអស់ និងតាមលំនៅឋានមានដាក់តាំងលក់ក្នុងខេត្ត រហូតដល់មានការជូនដំណឹងផ្លូវការពីរដ្ឋបាលខេត្ត។
យ៉ាងណាចំពោះការពុលស្រានេះ បច្ចប្បុន្នមន្ទីរជំនាញខេត្តបន្ទាយមានជ័យ បាននិងកំពុងយកវត្ថុតាង ទៅធ្វើតេស្តរកសារធាតុផ្សំ ដែលបង្កឱ្យមានជាតិពុលនេះ ក្នុងពេលខ្លីខាងមុខនេះផងដែរ។
តាមទិន្នន័យ ដែលនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងបានបង្ហាញគឺ៖
- ក្នុងឆ្នាំ២០១៥៖ ចំនួនករណីពុលស្រាមាន ២៨៤ ករណី ក្នងនោះស្លាប់ ៣៣ នាក់ កើតឡើងនៅក្នុងខេត្តចំនួន ៣ គឺខេត្តត្បូងឃ្មុំ ក្រចេះ និងខេត្តមណ្ឌលគីរី។
- ក្នុងឆ្នាំ២០១៦៖ ចំនួនករណីពុលស្រាមានចំនួន ៩២ ករណី ក្នុងនោះស្លាប់ ១៥ នាក់ កើតឡើងនៅក្នុងខេត្តកំពងលឆ្នាំង។
- ក្នុងឆ្នាំ២០១៧៖ ចំនួនករណីពុលស្រាមានចំនួន ១៣ករណី ក្នុងនោះស្លាប់ ២នាក់ នៅខេត្តមណ្ឌលគីរី។
- ក្នុងឆ្នាំ២០១៨៖ ចំនួនករណីពុលស្រាមានចំនួន ២០៣ករណី ក្នុងនោះស្លាប់៩នាក់ នៅខេត្តក្រចេះ និងកំពត៕