រណ្តៅកប់សាកសពជាច្រើនត្រូវបានរកឃើញនៅខាងក្រៅរដ្ឋធានី ទែរហូណា (Tarhuna) ចម្ងាយប្រហែល៩០គីឡូម៉ែត្រ ភាគខាងត្បូងទីក្រុង ទ្រីប៉ូលី ប្រទេសលីប៊ី ។ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃលីប៊ី ហ្វាធី បាហ្សាហ្គា ថ្លែងដូច្នេះកាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០ ។
សេចក្តីថ្លែងការណ៍ រដ្ឋមន្ត្រី បាហ្សាហ្គា បញ្ជាក់ថា «យើងបានរកឃើញឧក្រិដ្ឋកម្មដ៏រន្ធត់ជាច្រើនប្រព្រឹត្តឡើងដោយពួកជីវពល ដែលគ្រប់គ្រងទីក្រុង ទែរហូណា ។ កងកម្លាំងរបស់យើងនាពេលបច្ចុប្បន្ននេះ បាននិងកំពុងចងក្រងនូវបទឧក្រិដ្ឋកម្មទាំងនោះ» ។
មុនពេលរដ្ឋាភិបាលគាំទ្រដោយអង្គការសហប្រជាជាតិចូលគ្រប់គ្រង់, ទីក្រុងទែរហូណា ជាមជ្ឈមណ្ឌលប្រតិបត្តិការដ៏សំខាន់របស់ពួកជីវពល នៃកងកម្លាំងមូលដ្ឋាននៅភាគខាងកើតប្រទេស ។
សេចក្តីថ្លែងការណ៍បញ្ជាក់ថា «យើងបានរកឃើញកុងតឺន័រ ខាងក្នុងនោះសុទ្ធតែអ្នកទោស ដែលត្រូវបានដុតទាំងរស់ ។ យើងបានរកឃើញមហារណ្តៅកប់សាកសពរួម ដែលតាមការស៊ើបអង្កេតបឋមឃើញថា ជនរងគ្រោះជាច្រើនត្រូវកប់ទាំងរស់» ។
ទាក់ទងបញ្ហានេះ ក្រុមយោធាមូលដ្ឋាននៅភាគខាងកើត ដែលកាលថ្មីៗនេះបានបដិសេធដកថយប្រតិបត្តិការរបស់ពួកគេប្រឆាំងទៅលើកងកម្លាំងរដ្ឋាភិបាលគាំទ្រដោយអង្គការសហប្រជាជាតិនោះមិនបានធ្វើអត្ថាធិប្បាយអ្វីឡើយ ។
នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០ ក្រុមបេសកកម្មប្រចាំនៅប្រទេសលីប៊ីរបស់អង្គការសហប្រជាជាតិថ្លែងថា ភាគីសង្គ្រាមនៅក្នុងប្រទេសនេះចាប់ផ្តើមចូលរួមចរចាកិច្ចព្រមព្រៀងឈប់បាញ់ ក្រោយការប្រយុទ្ធទ្រង់ទ្រាយធំនៅកណ្តាលរដ្ឋធានី សឺរតេ (Sirte)។
គួរបញ្ជាក់ថា កម្លាំងយោធាមូលដ្ឋាននៅភាគខាងកើតបានចាប់ផ្តើមប្រយុទ្ធទៅលើកងទ័ពរដ្ឋាភិបាលគាំទ្រដោយអង្គការសហប្រជាជាតិរយៈពេលជាងមួយឆ្នាំមកហើយ ដើម្បីដណ្តើមគ្រប់គ្រងទីក្រុង ទ្រីប៉ូលី និងផ្តួលរំលំរដ្ឋាភិបាលគាំទ្រដោយអង្គការសហប្រជាជាតិ ។ ការប្រយុទ្ធគ្នានេះ បណ្តាលឲ្យស្លាប់ និងរបួសរាប់រយនាក់ ដែលជាជនស៊ីវិល ហើយប្រហែលជាង ១៥០ ០០០ នាក់ផ្សេងទៀតបាត់បង់ទីជម្រក ៕ ប្រែសម្រួលដោយ៖ thach yat