សេដ្ឋកិច្ចរបស់ប្រទេសនៅតែបន្តដំណើរការទៅមុខមិនថាជំងឺកូវីដ ១៩ នៅមានវត្តមានក្នុងប្រទេសឬលើពិភពលោកឬទេ។ សម្រាប់មនុស្សជាច្រើនដែលកំពុងរកការងារក្នុងកំឡុងពេលនេះក៏ដូចគ្នាដែរ។ កូវីដ ១៩ មិនអាចបញ្ឈប់ពួកគេពីការរការងារដើម្បីចិញ្ចឹមជីវិតប្រចាំថ្ងៃបានទេ។
ប្រសិនបើអ្នកស្ថិតក្នុងចំណោមមនុស្សទាំងនេះនិងកំពុងរកវិធីដើម្បីបង្ហាញភាពលេចធ្លោរបស់ខ្លួន អ្នកត្រូវតែដឹងច្បាស់ពីអ្វីដែលអ្នកត្រូវរំលេចដើម្បីទាក់ទាញចំណាប់អារម្មណ៍។ ខាងក្រោមគឺជាជំនាញទន់សំខាន់ៗដែលអ្នកត្រូវតែលើកឡើងប្រសិនបើអ្នកចង់មានឱកាសជោគជ័យច្រើនពេលដែលរកការងារ៖
១. សមត្ថភាពក្នុងការធ្វើការជាក្រុម
តើអ្នកជាមនុស្សដែលចេញមុខជួយមិត្តរួមការងារដទៃពេលដែលពួកគេមានការងារច្រើន ឬមានបញ្ហាក្នុងការងារទេ? ឬអ្នកមានចេញមុខជួយដោះស្រាយបញ្ហាជូនកន្លែងការងាររបស់អ្នកទេ? ការចំណាយពេលបន្តិចជារៀងរាល់ថ្ងៃដើម្បីគិតពីក្រុមការងារ និងស្ថាប័នការងាររបស់អ្នកជាចំណុចល្អមួយដែលមានភាពទាក់ទាញពេលដែលអ្នកកំពុងរកការងារ។
២. សមត្ថភាពក្នុងការជំរុញទឹកចិត្តខ្លួនឯង
ការបង្ហាញថាអ្នកជាមនុស្សដែលមានសមត្ថភាពក្នុងការជំរុញទឹកចិត្តខ្លួនឯងក៏មានសារៈសំខាន់ដែរព្រោះវាបង្ហាញថាអ្នកអាចធ្វើការដោយឯករាជ្យ និងចេះមានគំនិតផ្តួចផ្តើមធ្វើការងារដោយខ្លួនឯង។ លើសពីនេះទៅទៀត វាធ្វើឲ្យពួកគេមានជំនឿចិត្តថាអ្នកនឹងសម្រេចបានកិច្ចការដែលមានក្នុងដៃទោះជាមានការផ្លាស់ប្តូរក្នុងបរិស្ថានការងារពិតមែនក្តី។
៣. ជំនាញទំនាក់ទំនង
ជំនាញនេះមានសារៈសំខាន់ណាស់ជាពិសេសនៅពេលដែលមនុស្សព្យាយាមរក្សាគម្លាតព្រោះតែកូវីដ ១៩។ ដូច្នេះអ្នកត្រូវតែបង្ហាញថាអ្នកមានសមត្ថភាពក្នុងការប្រើប្រាស់មធ្យោបាយខុសៗគ្នាដើម្បីប្រាស្រ័យទាក់ទងជាមួយអតិថិជន និងមិត្តរួមការងារដទៃជាដើម។
៤. ជំនាញគ្រប់គ្រងពេលវេលា
ប្រសិនបើអ្នកជាមនុស្សដែលមានសណ្តាប់ធ្នាប់ល្អ និងចេះរៀបចំពេលវេលាបានល្អ អ្នកត្រូវតែបង្ហាញនូវជំនាញនេះ។ ក្នុងពេលដែលពោរពេញទៅដោយភាពមិនប្រាកដប្រជានេះ មានតែអ្នកដែលចេះគ្រប់គ្រងពេលវេលាទេទើបអាចសម្របខ្លួនទៅនឹងស្ថានការនិងព្យាយាមសម្រេចកិច្ចការដែលខ្លួនទទួលខុសត្រូវបានដោយមានប្រសិទ្ធភាព។ ផ្ដល់សិទ្ធដោយ៖ កោះសន្តិភាព