ខេត្តសៀមរាប ៖ ពិព័រណ៌ផលិតផលបន្លែ សិប្បកម្ម ម្ហូបអាហារ និងផលិតផលកែច្នៃ និងផ្សារទឹកក្នុងព្រឹត្តិការណ៍សម្រាកសៀមរាបត្រូវបានបើកដំណើរការ នាថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២០ នៅបរិវេណសួនច្បារព្រះរាជដំណាក់ ក្រោមអធិបតីភាពលោក អ៊ឹង ហឿន ប្រធាន ក្រុមប្រឹក្សាខេត្តសហការជាមួយមន្ត្រីពាក់ព័ន្ធទាំងអស់ និងពលរដ្ឋផងដែរ ។
តាមសេចក្តីរាយការណ៍របស់លោក ប្រធានមន្ទីរពាណិជ្ជកម្មខេត្តបានបញ្ជាក់ថា ក្នុងការរៀបចំតាំងពិពរណ៌ផលិតផលក្នុងស្រុក និងម្ហូបអាហារ បានធ្វើការរៀបចំស្តង់សរុបចំនួន ៩៥ ដែលត្រូវបែងចែកជា០៤ប្រភេទ រួមមាន (១)ស្តង់លក់ផលិតផលសិប្បកម្ម (២)ស្តង់លក់បន្លែ និងផ្លែឈើ (៣)ស្តង់លក់ផលិតផលម្ហូបអាហារ និងភេសជ្ជៈ និងអាហារប្រចាំក្រុង- ស្រុកទាំង១២ (៤)ស្តង់លក់ផលិតផលកែច្នៃ ដែលបើកដំណើរការចាប់ពីម៉ោង០៨ព្រឹក ដល់ម៉ោង០៩យប់ ។
ក្រៅពីនេះក៏មានការរៀបចំឲ្យមានការប្រកួតធ្វើម្ហូបប្រចាំថ្ងៃ និងពិសេសការប្រកួតមាន់អាំងឆ្ងាញ់ប្រចាំខេត្តសៀមរាប ។ ប្រសាសន៍នោះ លោកទៀ សីហា បាន លើកឡើងថា ការរៀបចំតាំងពិព័រណ៍ផលិតផលក្នុងស្រុក និងម្ហូបអាហារប្រចាំក្រុង-ស្រុកទាំង១២ និងកម្មវិធីជិះទូកកម្សាន្ត និងផ្សារទឹកត្រូវបានរៀបចំឡើងតាមរយៈការផ្តួចផ្តើមរបស់រដ្ឋបាលខេត្តសហការជាមួយសហ ភាពសហព័ន្ធយុវជនកម្ពុជាខេត្តក្នុងគោលបំណង ផ្សព្វផ្សាយអំពីសក្តានុពលទេសចរណ៍របស់ខេត្តសៀមរាប និងជួយបង្កើនចំណូលដល់ប្រជាជនក្នុងកំឡុងពេលឈប់សម្រាក ខណៈដែលប្រជាជន និងអាជីវកម្មជាច្រើនកំពុងទទួលរងផលប៉ះពាល់នៃវិបត្តិជម្ងឺកូវីដ-១៩ ។
ក្នុងព្រឹត្តិការណ៍នេះ ក៏មានការរៀបចំឲ្យមានការប្រកួតធ្វើម្ហូបប្រចាំថ្ងៃ និងពិសេសការប្រកួតមាន់អាំងឆ្ងាញ់ប្រចាំខេត្តសៀមរាបយើងទៀតផង ។ ចំពោះការរៀបចំផ្សារទឹកដែលរៀបចំដោយសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប នៅតាមដងស្ទឹងសៀមរាប មានទូកសរុបមានចំនួន៦០ ដែលមានទូកសម្រាប់ផ្សារទឹក , ទូកសម្រាប់ ទិញសំបុត្រជិះកម្សាន្ត ក្នុងនោះមានទូកកាយយ៉ាក់ ទូកហង្ស ហើយក៏មានស្តង់លក់ម្ហូបអាហារបម្រើជូនដល់បងប្អូនដែលបានអញ្ជើញមកចូលរួម ក្នុងពិធី ព្រមទាំងមានការប្រគុំតន្ត្រីនិងសិល្បៈកម្សាន្តផងដែរ ។
ការរៀបចំព្រឹត្តិការណ៍សម្រាកសៀមរាបនេះ ក៏បានអនុវត្តតាមការណែនាំរបស់មន្ទីរសុខាភិបាលស្តីពីវិធានការណ៍ ការពារជម្ងឺកូវីដ១៩ ដោយគ្រប់អ្នកតាំងពិព័រណ៍ត្រូវមានពាក់ម៉ាស និងប្រើអាល់កុល ឬ ម៉ាស អ្នក ទស្សនាទាំងអស់តំរូវឲ្យពាក់ម៉ាសជាចាំបាច់ និងមានការវាស់កំដៅនៅតាមក្លោងទ្វារចូល ព្រមទាំងការរៀបចំឲ្យមានគម្លាតសុវត្ថិភាព ។
លោកអភិបាលខេត្ត ក៏បានធ្វើការកោតសសើរចំពោះថ្នាក់ដឹកនាំខេត្ត សហភាពសហព័ន្ធយុវជនកម្ពុជា មន្ទីរអង្គភាពជុំវិញខេត្ត រដ្ឋបាល ក្រុង-ស្រុកទាំង១២ និងសមាគមចុងភៅកម្ពុជាខេត្តសៀមរាប សភាពាណិជ្ជកម្មមណ្ឌលខេត្តសៀម រាប-ឧត្តរមានជ័យ សមាគមសហគ្រិនវ័យក្មេង ព្រមទាំងវិស័យឯកជននិងដៃគូនានា ពិសេសមន្ទីរសុខាភិបាល ដែលបានសហការយ៉ាងល្អ ក្នុងការរៀបចំឲ្យព្រឹត្តិការណ៍នេះបានចេញជារូបរាងឡើង សំខាន់ក្នុងការតាំងពិព័រណ៌នាពេលនេះ ក្នុងខណៈពេលដែលប្រទេសកម្ពុជាក៍ដូចជា បណ្តាប្រទេសផ្សេងទៀតនៅលើពិភពលោកបានកំពុងទទួលរងនូវការរាតត្បាតដោយជម្ងឺកូវីដ១៩ ៕ ផ្ដល់សិទ្ធដោយ៖ កោះសន្តិភាព