ចប់ហើយ ! ម្ចាស់ផលិតស្ករត្នោតក្លែងក្លាយម្នាក់ត្រូវតុលាការខេត្តកណ្តាលសម្រេចឃុំខ្លួនដាក់ពន្ធនាគារ
កាលពីថ្ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២០ លោក ជួន វណ្ណៈ ចៅក្រមជំនុំជម្រះសាលាដំបូងខេត្តកណ្តាល បានចេញដីកាឃុំខ្លួន ម្ចាស់ផលិតស្ករត្នោតក្លែងក្លាយម្នាក់ តាមរយៈសាលក្រមសម្រេចមុនអង្គសេចក្តីទៅលើស្ត្រីឈ្មោះ ជុន មុំ អាយុ៤៩ឆ្នាំ ដាក់ពន្ធនាគារ បណ្តោះអាសន្ន ករណីផលិតស្ករត្នោតក្លែងក្លាយប៉ះពាល់សុខភាពធ្ងន់ធ្ងរ ។
ដែលត្រូវបានចោទប្រកាន់ពីបទ «កែច្នៃផលិតផលទំនិញដែលច្បាប់ហាមឃាត់» តាមមាត្រា១៧ មាត្រា១៨ និង មាត្រា៦៣ នៃច្បាប់ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាពលើផលិតផល និងសេវា ។
លោកឧត្តមសេនីយ៍ត្រី លី សុជាតិ ស្នងការរងទទួលផែនប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានអោយដឹងថា ម្ចាស់ទីតាំងមានឈ្មោះ ជុន មុំ នេះ ធ្លាប់ត្រូវបានសមត្ថកិច្ចធ្វើកិច្ចសន្យាអប់រំអោយគាត់បញ្ឈប់ផលិតស្ករត្នោតក្លែងក្លាយចំនួន៥លើករួចមកហើយ ។
ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចដកហូតបានវត្ថុតាងមួយចំនួន រួមមានស្ករត្នោតក្លែងក្លាយផលិតរួចចំនួន១២ធុងស្មើរ៣៤៨គីឡូក្រាម , ស្ករសរចំនួន៣បាវស្មើ១៥០គីឡូក្រាម , ប្រេងឆាមួយពីដុងកន្លះស្មើនឹង៧,៥លីត្រ , ម៉ូទ័រកូស្ករ ចំនួន១ឆ្នាំងខ្ទះចំនួន៣ ៕ ដោយ៖ត្នោត