នូវែលហ្សេឡង់៖ ការបោះឆ្នោតនៅប្រទេសនូវែលហ្សេឡង់ត្រូវបានពន្យារពេល ៤សប្តាហ៍ គឺដល់ថ្ងៃទី១៧ ខែតុលា ដោយសារតែការព្រួយបារម្ភអំពីការរីករាលដាលនៃមេរោគឆ្លងនៅក្នុងប្រទេស។ នេះគឺជាអ្វីដែលលោកស្រីនាយករដ្ឋមន្ត្រី Jacinda Ardern បានប្រកាស។
ថ្លែងនៅលើហ្វេសប៊ុកផេករបស់លោកស្រីនាយករដ្ឋមន្ត្រី Ardern បាននិយាយថា៖ “ច្បាស់ណាស់ក្នុងនាមជារដ្ឋាភិបាល អាទិភាពរបស់យើងនាពេលបច្ចុប្បន្ន គឺការការពារការឆ្លងរាលដាលនៃកូវីដ ដោយដាក់វាឱ្យស្ថិតក្រោមការគ្រប់គ្រង និងដកចេញនូវការរឹតត្បិតលើប្រជាជននូវែលសេឡង់ឱ្យបានឆាប់។”
លោកស្រីនាយករដ្ឋមន្ត្រី Ardern បានមានប្រសាសន៍ថា៖ “ទោះយ៉ាងណា វាច្បាស់ណាស់ថាការកើតឡើងវិញនៃកូវីដនៅ Auckland គឺធ្វើឱ្យមានការព្រួយបារម្ភ។”
ប្រទេសនូវែលហ្សេឡង់បានរាយការណ៍ពីករណីឆ្លងក្នុងស្រុកចំនួន ១២ករណីកាលពីថ្ងៃសុក្រ ខណៈប្រទេសនេះដោះស្រាយការផ្ទុះឡើងថ្មីដែលបានបញ្ចប់ការរត់រយៈពេលជាង ១០០ថ្ងៃដោយគ្មានការឆ្លង។ ចង្កោមថ្មីនេះបានជម្រុញឱ្យប្រទេសនេះបន្តចាក់សោរលើទីក្រុងដែលមានប្រជាជនច្រើនជាងគេបំផុតរបស់ខ្លួនគឺទីក្រុង Auckland នៅពេលដែលអាជ្ញាធរព្យាយាមតាមដានប្រភពនៃការផ្ទុះឡើង។
លោកស្រី Ardern បានលើកឡើងថា លោកស្រីរំពឹងថានឹងឃើញមានករណីជាច្រើនទៀត។ ប្រទេសនូវែលហ្សេឡង់ បានរាយការណ៍ថាមានករណីឆ្លងកូវីដសរុបចំនួន ១,២៧១ ករណីនិងមានអ្នកស្លាប់ចំនួន ២២នាក់។
លោកស្រីនាយករដ្ឋមន្ត្រីបាននិយាយថា សភានឹងកោះប្រជុំឡើងវិញនៅថ្ងៃអង្គារ ហើយនឹងសម្រេចការបោះនៅថ្ងៃទី ៦ ខែកញ្ញា។ លោកស្រីបានបន្ថែមថា លោកស្រីមិនមានបំណងផ្លាស់ប្តូរកាលបរិច្ឆេទបោះឆ្នោតម្តងទៀតទេ ៕ផ្តល់សិទ្ធដោយ៖កោះសន្តិភាព