ខេត្តមណ្ឌលគិរី ៖ ជារឿងល្អខ្លាំងណាស់ នៅពេលដែលខេត្តមណ្ឌលគិរី ដែលធ្លាប់តែជាតំបន់ចុងកាត់មាត់ញ៉ក សម្បូរតែព្រៃភ្នំគ្មានអ្នកចាប់អារម្មណ៍មករស់នៅ ឬលេងកម្សាន្ត កាលពីជាង១០ឆ្នាំមុន បច្ចុប្បន្ននេះខេត្តមណ្ឌលគិរីកំពុងទាក់ទាញភ្ញៀវទេសចររាប់ម៉ឺននាក់ក្នុងមួយឆ្នាំៗ តែជាការសោកស្តាយអ្នកដើរលេងច្រើន វត្តមានសំរាមថង់ផ្លាស្ទិចក៏មានពាសវាលពាសកាល ស្ទើរគ្រប់ទីកន្លែង ។
អាជ្ញាធរស្រុកអូររាំង កាលពីរសៀលថ្ងៃទី១៧ សីហា បានឲ្យដឹងថា នៅតាមសងខាងផ្លូវជាតិលេខ៧៦ ពីស្រុកអូររាំងទៅក្រុងសែនមនោរម្យ ចំនុចចំការស្រល់ និងវាលស្មៅ មានរថយន្តអ្នកដើរលេងរាប់រយគ្រឿងបានឈប់តម្រៀបគ្នាចូលថតរូបទេសភាពដ៏ស្រស់ត្រកាល ប៉ុន្តែពួកគាត់បែរជាបន្សល់ទុកនូវសំរាមដ៏ច្រើនតាមដងផ្លូវ ដែលតម្រូវឲ្យសមត្ថកិច្ច និងអាជ្ញាធរត្រូវនាំគ្នាដើររើសប្រមូលយកទៅចោលតាមក្រោយ ។
ចំណែកអ្នកភូមិរស់នៅតាមទីរមណីយដ្ឋានានាក្នុងស្រុកពេជ្រដា និងក្រុងសែនមនោរម្យ ក៏បានឲ្យដឹងថា នៅកន្លែងដើរលេងដូចជា សមុទ្រឈើ ភ្នំអណ្តូងស្នេហ៍ ចំការដើមស្រល់ និងទីតាំងទេសភាពជាច្រើន ត្រូវអាប់សម្រស់ ព្រោះតែអ្នកដើរមួយចំនួននាំគ្នាទៅហូបអាហារអង្គុយលេង នៅទីនោះ រួចមិនបានប្រមូលសំរាមយកទៅចោលឲ្យបានត្រឹមត្រូវឡើយ ។
អាជ្ញាធរខេត្តបានសំណូមពរដល់បណ្តាភ្ញៀវទេសចរទាំងអស់ សូមចូលរួមទាំងអស់គ្នា ដើម្បីថែរក្សាបរិស្ថាន ជាពិសេសតំបន់ទេសចរណ៍ធម្មជាតិ ដែលបងប្អូនត្រូវការស្រូបយកខ្យល់អាកាសបរិសុទ្ធ។ យោងតាមមន្ទីរទេសចរណ៍ខេត្តមណ្ឌលគិរី គិតត្រឹមថ្ងៃទី១៧ សីហា ២០២០ មានអ្នកទេសចរណ៍ច្រើនជាងមួយម៉ឺននាក់ កំពុងដើរលេងកម្សាន្តនៅតាមរមណីយដ្ឋានានាក្នុងខេត្ត ។ ហើយផ្ទះសំណាក់ សណ្ឋាគារទាំងអស់ក្នុងខេត្ត ក៏គ្មានសេសសល់បន្ទប់ទំនេរដែរ គឺពេញណែនតែម្តង ៕ ដោយ៖ ត្នោត