រាជធានីភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹងស្តីពីស្ថានភាពអាកាសធាតុ ចាប់ពីថ្ងៃទី១៩ ដល់ ២៥ ខែសីហា ឆ្នាំ២០២០ កម្ពុជានឹងទទួលរងឥទ្ធិពលពីជ្រលងនៃប្រព័ន្ធសម្ពាធទាប ដែលអូសបន្លាយពីប្រទេសថៃ ដោយឆ្លងកាត់ប្រទេសឡាវ និងវៀតណាម ។
ខណៈនោះក៏មានវិសម្ពាធទាប មួយបានកើតឡើងនៅលើសមុទ្រចិនខាងត្បូង ដែលអាចវិវត្តទៅជាព្យុះទី៧ ព្យុះនេះ នឹងរលាយពេលដើរចូលដល់លើភាគខាងត្បូងប្រទេសចិន នៅថ្ងៃទី ២០ ខែសីហា ។
ស្ថានភាពបែបនេះធ្វើឱ្យ ៖ ១- បណ្ដាខេត្តនៅតំបន់វាលទំនាបកណ្ដាល មានសីតុណ្ហភាពអប្បបរមាមានពី ២៥-២៧°C និងសីតុណ្ហភាពអតិបរមាមានពី ៣០-៣២°C ។ បណ្ដាខេត្តនៅភាគកណ្ដាល និងភាគពាយ័ព្យ នឹងអាចមានភ្លៀងរាយប៉ាយនៅក្នុងកម្រិតបរិមាណ ពីមធ្យមទៅច្រើន ក្នុងនោះក៏មានផ្នែកខ្លះមានភ្លៀងធ្លាក់ខ្លាំង ។
ដោយឡែក បណ្តាខេត្តដទៃទៀតអាចមានភ្លៀងពីខ្សោយទៅបង្គួរ។ ២- បណ្ដាខេត្តនៅតំបន់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន មានសីតុណ្ហភាពអប្បបរមាមានពី ២៣-២៥°C និងសីតុណ្ហភាពអតិបរមាមានពី ១៨-៣០°C នឹងអាចមានភ្លៀងធ្លាក់ពីបង្គួរទៅច្រើនក្នុងនោះ ផ្នែកមួយចំនួន នៃបណ្ដាខេត្តជាប់តំបន់ជួរភ្នំដងរែក នឹងអាចមានភ្លៀងធ្លាក់ខ្លាំង ។
៣- បន្ទាខេត្តនៅតំបន់មាត់សមុទ្រ មានសីតុណ្ហភាពអប្បបរមាមានពី ២៦-២៨°C និងសីតុណ្ហភាពអតិបរមាមានពី ២៨-៣០°C នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយ នៅក្នុងកម្រិតពីខ្សោយទៅមធ្យម ។
ក្រសួងធនធានទឹក ក៏អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ សូមប្រុងប្រយ័ត្នចំពោះបាតុភូត ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ដែលអាចនៅបន្តកើតមាន ។ បណ្ដាខេត្តនៅភាគពាយ័ព្យជាប់ប្រទេសថៃ និងខេត្តជាប់ជួរភ្នំដងរែក សូមប្រុងប្រយ័ត្ន ចំពោះភ្លៀងធ្លាក់ច្រើនជាប់បន្តចាប់ពីថ្ងៃទី ២២-២៤ ខែសីហា ៕
ផ្តល់សិទ្ធដោយ៖កោះសន្តិភាព