ខ្ញុំគ្រាន់តែជាមនុស្សម្នាក់ដែលចូលចិត្ត Drama អត់មូលហេតុ ចូលចិត្តបង្ហោះពាក្យ Sad Sad ក្នុង Facebook ខ្ញុំក៏មិនដឹងថាវាជាទម្លាប់ ឬមួយក៏ជាអារម្មណ៍ពិតនោះដែរ។ តែគ្រប់យ៉ាងដែលខ្ញុំធ្វើមិនមែនជាការសម្តែងដើម្បីទាក់ទាញការចាប់អារម្មណ៍ ឬចង់បានការអាណិតពីនរណាម្នាក់នោះឡើយ! ជឿទេ? បើសិនជាខ្ញុំប្រាប់ថា ដោយសារតែខ្ញុំអផ្សុកពេក?
ប្រាកដណាស់! អ្នកប្រហែលជាមិនជឿទេថា នៅសុខៗមនុស្សដែលគ្មានបញ្ហាសោះម៉េចនឹងអាចធ្វើបែបនេះទៅកើត! ហើយខ្ញុំក៏មិនដឹងត្រូវបកស្រាយយ៉ាងណាដែរ ខ្ញុំគ្រាន់តែមានអារម្មណ៍ថាមិនសប្បាយចិត្តហើយចង់រកនរណាម្នាក់ដើម្បីរៀបរាប់ពីអារម្មណ៍ ប៉ុន្តែដោយសារតែគ្មាននរណាម្នាក់ដែលខ្ញុំអាច…ទើបខ្ញុំតែងរកកន្លែងមួយដើម្បីរក្សាអារម្មណ៍ខ្ញុំនៅទីនោះទៅ។
គ្រប់គ្នាប្រហែលជាធុញមនុស្ស Drama ដូចជាខ្ញុំ! គ្រប់គ្នាប្រហែលជាជ្រេញនឹងពាក្យពេចន៍ដែលខ្ញុំបានរៀបរាប់ ហើយគ្រប់គ្នាក៏ប្រហែលជាមិនចង់ឃើញពាក្យឥតបានការទាំងនោះដែរ។ ខ្ញុំក៏ដឹងថា វាគួរឱ្យធុញ! ប៉ុន្តែសុំទោស!! ខ្ញុំគ្រាន់តែចង់រកកន្លែងមួយសម្រាប់ឱ្យខ្ញុំបោះអារម្មណ៍ទាំងនោះចោលតែប៉ុណ្ណោះ ក៏គ្មានចេតនាដើម្បីចង់ឱ្យអ្នកណាមកខ្វាយខ្វល់ដែរ (ម្នាក់ឯងឡើងក្លាយជាទម្លាប់ហើយ)
គ្រប់គ្នាតែងទុកខ្ញុំជាមនុស្សម្នាក់ដែលពូកែ Drama ពូកែធ្វើខ្លួនដូចជាមានបញ្ហា តែក៏គ្មាននរណាម្នាក់ដឹងដែរថា ការពិតដែលនៅពីក្រោយការ Drama របស់ខ្ញុំគឺជាអ្វី? រឹតតែគ្មាននរណាម្នាក់ដឹងថា តើពេលណាដែលខ្ញុំរីករាយពិតប្រាកដនោះដែរ! (ត្រូវហើយ! បើមិនប្រាប់គេផង មានអ្នកណាគេទៅដឹងរឿងយើងហ្ហាស៎!) ខ្ញុំសុខចិត្តឱ្យគេទុកខ្ញុំជាមនុស្សដែលពូកែសម្តែង ក៏ប្រសើរជាងឱ្យគេដឹងថាខ្ញុំ ។
ខ្ញុំចូលចិត្តគេអាចមើលមកខ្ញុំដូចជាមនុស្សរីករាយ ជាមនុស្សដែលពូកែ ជាមនុស្សម្នាក់ដែលរឹងមាំ បើទោះបីធាតុពិតវាមិនដូច្នោះក៏ដោយ ហើយខ្ញុំរឹតតែចង់មនុស្សដែលមិនត្រូវការខ្ញុំដឹងថា… បើទោះជាខ្ញុំបានជួបប្រទះនឹងបញ្ហាមិនចេះចប់យ៉ាងណាក៏ដោយ ក៏ខ្ញុំនៅតែអាចញញឹមបាន ខ្ញុំនៅតែអាចរស់នៅបានយ៉ាងល្អ។ រឹតតែអរគុណសម្រាប់ការយកបង្អែកមួយចេញពីខ្ញុំ ដែលធ្វើឱ្យខ្ញុំក្លាយជាមនុស្សម្នាក់ដែលរឹងមាំ៕