
ក្លិប Bayern Munich ត្រូវបានគេរាយការណ៍ថា ហាក់នៅស្ទាក់ស្ទើរក្នុងការចុះហត្ថលេខាជាមួយកីឡាករ Leroy Sane ពីក្លិប Manchester City នៅរដូវក្តៅខាងមុខ ដោយសារការចរចារបស់ភាគីទាំងសងខាងនៅមិនទាន់ត្រូវរូវគ្នារឿងតម្លៃខ្លួនផ្ទេរ។
កីឡាករ Sane ជាខ្សែបម្រើដែលត្រូវបាន ក្លិប Bayern ដាក់គោលដៅទិញចូលក្នុងទីផ្សាររដូវក្តៅនេះ ដើម្បីមកជួយពង្រឹងក្រុមបន្ថែម ក្រោមការដឹកនាំរបស់លោក Flick។ ក្នុងអំឡុងពេលមានវិបត្តិកូវីដ-១៩ ក្លិបជាច្រើនកំពុងមានបញ្ហាផ្នែកហិរញ្ញវត្ថុ ដែលធ្វើឱ្យប៉ះពាល់មួយផ្នែកដល់ការទិញចូលកីឡាករមកពង្រឹងប្រព័ន្ធលេងរបស់ក្លិប។ ជាក់ស្តែង Bayern ពួកគេចង់បានខ្សែបម្រើ Sane ដើម្បីមកបំពេញតម្រូវការរបស់លោក Flick ក្នុងតម្លៃសមរម្យ ប៉ុន្តែក្លិប Man City ហាក់មិនមានបំណងចង់លក់កីឡាកររបស់ពួកក្នុងតម្លៃទាបឡើយ។
យ៉ាងណាមិញ បើយោងតាមទូរទស្សន៍ Sky Sport បានឱ្យដឹងថា ក្លិប Man City ចង់បានប្រាក់៧០លានអឺរ៉ូ ពីការលក់ Sane ប៉ុន្តែក្លិប Bayern មានគម្រោងចំណាយត្រឹមតែ៤០លានអឺរ៉ូប៉ុណ្ណោះ សម្រាប់ចុះហត្ថលេខាយកខ្សែបម្រើរូបនេះ ដែលជាហេតុធ្វើឱ្យកិច្ចព្រមព្រៀងផ្ទេរនៅមិនទាន់អាចសម្រេចបាន ខណៈពេលដែលទីផ្សាររដូវក្តៅគ្រោងបើកទ្វារក្នុងពេលឆាប់ៗខាងមុខ៕
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ livescore