ក្រុមយុវជនស៊ីក្លូ បានចំណាយរយៈពេល៣ថ្ងៃ ដើម្បីបង្កើតឱ្យមានព្រឹត្តិការណ៍ មិនធ្លាប់មាននៅកម្ពុជា គឺការធាក់ស៊ីក្លូពីភ្នំពេញ ទៅខេត្តសៀមរាប។
បើតាមការគ្រោងទុក យុទ្ធនាការធាក់ស៊ីក្លូ គឺត្រូវចាប់ផ្តើមចេញដំណើរ នៅរសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០ រហូតមកដល់រសៀលថ្ងៃទី១៧ ខែសីហានេះ ក្រុមយុវជនស៊ីក្លូ បានមកដល់គោលដៅ តាមកាលកំណត់ ដែលនេះពិតជាបានឆ្លើយតប ទៅនឹងផែនការរបស់ក្រុមយុវជនស៊ីក្លូ យ៉ាងពិតប្រាកដមែន។
លោកអ៊ីវ សំណាង ប្រធានក្រុមយុវជនស៊ីក្លូ បានប្រាប់TNAOT APP នៅព្រឹកថ្ងៃទី១៧ សីហានេះថា ក្រុមយុវជន បានជិះស៊ីក្លូ ទៅដល់គោលដៅតាមការកំណត់ ក្នុងខេត្តសៀមរាប នៅល្ងាចថ្ងៃទី១៧នេះ ដែលនេះជាជោគជ័យមួយ នៅក្នុងខេត្តសៀមរាប។
ជាមួយនឹងព្រឹត្តិការណ៍ធ្លាក់ស៊ីក្លូផងដែរ ក្រុមយុវជនបានជួបនឹងការលំបាកជាច្រើន នៅតាមដងផ្លូវ ដូចជា៖ ការរៀបចំអាហារ និងកន្លែងសម្រាក ក្រុមយុវជនស៊ីក្លូត្រូវ ប្រញាប់ទៅរកទីតាំងណា ដែលមានដើមឈើធំ ឬសាលារៀន ឬវត្តមានបរិយាកាសត្រជាក់ មុនក្បួនស៊ីក្លូទៅដល់ ដើម្បីងាយស្រួលសម្រាក។
លោកប្រធានក្រុមបញ្ជាក់ថា” ក្រុមយុវជនស៊ីក្លូ ត្រូវជិះស៊ីក្លូរកផ្សារ ដើម្បីទិញបន្លែត្រីសាច់ សម្រាប់ធ្វើការចម្អិនអាហារ។ ក្រុមយុវជនមិនមានអ្នកចម្អិនអមដំណើរជាមួយនោះទេ គឺត្រូវតែធ្វើការចម្អិនម្ហូបអាហារខ្លូនឯង”។
និស្សិត រតនា អាយុ២០ឆ្នាំ បានប្រាប់ថា វាជាការតាំងចិត្តធ្វើចេញពីបេះដូង ទើបអាចឈានមកដល់គោលដៅ។ “កន្លែងស្នាក់នៅពេលរាត្រី យប់ថ្ងៃទី១ ក្រុមយុវជនស៊ីក្លូជិះរហូតដល់ម៉ោងជាង១២យប់ ប៉ុន្តែមានការងាយស្រួលបន្តិច ទោះជាក្រុមយុវជនស៊ីក្លូ ត្រូវសម្រាកតាមសំយ៉ាបផ្ទះគេ ក៏មានទឹកសម្រាប់ធ្វើការសម្អាតខ្លួន”។
យុវជន វីរៈ អាយុ១៩ឆ្នាំ សម្រាប់យប់ទី២ ក្រុមយុវជនស៊ីក្លូ ជិះរហូតដល់ម៉ោងជាង១១យប់ ក្រុមយុវជនស៊ីក្លូ មិនបានធ្វើការសម្អាតខ្លួននោះទេ ព្រោះត្រូវគេងនៅសាលាឆទាន។ “យប់ទី៣ ក្រុមយុវជនស៊ីក្លូ ជិះដល់ម៉ោង៤ភ្លឺ គឺរិតតែពិបាកដោយក្រុមយុវជនស៊ីក្លូ បានសម្រាកត្រឹម៣ម៉ោងតែប៉ុណ្ណោះ គឺជិះស៊ីក្លូរហូតដល់ម៉ោង៤ភ្លឺ ដើម្បីបន្ទាន់ដំណើរអោយដល់គោលដៅតាមការកំណត់”។
ស្រដៀងគ្នាផងដែរយុជនបូរី បានប្រាប់ថា សម្រាប់យប់ទី៣នេះ ក្រុមយុវជនស៊ីក្លូមានគ្នាត្រឹមតែ៧នាក់តែប៉ុណ្ណោះ ព្រោះសមាជិក២នាក់ទៀត ត្រូវជូនក្រុមលោកតាស៊ីក្លូ ទៅសម្រាកនៅក្រុងសៀមរាបមុន ដោយក្រុមយុវជនស៊ីក្លូ មានការព្រួយបារម្ភពីសុខភាពរបស់ពួកគាត់។ ”សម្រាប់យប់ទី៣ មិនបានសម្រាកផង និងមានកម្លាំងសម្រាប់ផ្លាស់ប្តូរផង”។
ទោះជាជួបការលំបាក និងឧបសគ្គយ៉ាងណាក្តី ក៏ក្រុមយុវជនស៊ីក្លូ នៅតែបន្តដំណើរទៅមុខ ដោយក្តីរំពឹងនិងថានឹងមានមហាជនចូលរួមការអភិក្សស៊ីក្លូ។ នេះបើតាមយុវជនធាក់ស៊ីក្លូ យ៉ុង សេម អាយុ២២ឆ្នាំ។ “សមាជិកក្រុមយុវជនស៊ីក្លូ គ្រប់គ្នាមិនមានបញ្ហាឈឺឆ្កាត់ធ្ងន់នោះទេ គ្រាន់តែមានការឈឺចាប់បន្តិចបន្តួចដូចជា ដៃ ជើង ចង្កេះ គូទ និងដងខ្លួន ព្រោះក្រុមយុវជនស៊ីក្លូធ្វើការជិះទាំងយប់ទាំងថ្ងៃ និងមានការសម្រាកតិចតួចបំផុត”។
យ៉ាងណាក៏ដោយ ទោះបីជាក្រុមយុវជនស៊ីក្លូ ជួបការលំបាកបែបនេះក្តី ប៉ុន្តែពួកគេនៅបន្តសកម្មភាពដោយ មិនឈប់ឈរ ឬផ្អាកដំណើរស៊ីក្លូតទៅមុខទៀតដែរ។
ត្បិតមានភាពហត់នឿយ ប៉ុន្តែពួកគេនៅតែមានអារម្មណ៍រីករាយជាមួយនឹងកម្មវិធីនេះដែរ។ ប្រសិនបើមានភាព ជោគជ័យសម្រាប់ព្រឹត្តិការណ៍ជិះស៊ីក្លូពីភ្នំពេញទៅសៀមរាបបានទទួលការគាំទ្រច្រើន ក្រុមយុវជនស៊ីក្លូនឹងរៀបចំបង្កើតកម្មវិធីសង្គមជាច្រើនទៀតនៅពេលក្រោយ៕ ដោយ៖ ឃួន លក្ខិណា